តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សំណួរ​អតិថិជន អំពី​សេវា​ប្រាក់​បញ្ញើ-សន្សំ

សំណួរ​អតិថិជន អំពី​សេវា​ប្រាក់​បញ្ញើ-សន្សំ

នៅ​ក្នុង​ទំព័រ​នេះ យើង​ខ្ញុំ​មាន​ក្តីសោមនស្ស​សូម​បង្ហាញ​ជូន​លោកអ្នក​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ដែល​អតិថិជន​បាន​សួរ​ជា​ញឹក​ញាប់ ។ សូម​ចុច​លើ​សំណួរ​នៅ​ខាង​ក្រោម ដើម្បី​មើល​ចម្លើយ ។ យើង​ខ្ញុំ​សង្ឃឹម​ថា ចម្លើយ​ទាំង​នោះ​មាន​សារប្រយោជន៍​និង​ផ្តល់​ជា​ព័ត៌មាន​សម្រាប់​លោកអ្នក ។ ក្នុង​ករណី​ប្រសិន​បើ​មិន​មាន​ចម្លើយ​ដែល​លោកអ្នក​កំពុង​ស្វែងរក​នៅ​ក្នុង​ទំព័រ​នេះ​ទេ ឬ​មាន​សំណូមពរ​នានា ដែល​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​តាម​បំណង​របស់​លោកអ្នក សូម​មេត្តា​ផ្តល់​ព័ត៌មាន​មក​យើង​ខ្ញុំ​ដើម្បី​បម្រើ​ជូន​លោកអ្នកឱ្យ​កាន់​តែ​ប្រសើរ ។

សេវា​ប្រាក់​បញ្ញើ-សន្សំ

  1. តើ​តម្រូវឱ្យ​មាន​ឯកសារ​អ្វី​ខ្លះ ដើម្បី​អាច​បើក​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា​បាន ?
    • សម្រាប់​ឯកត្តជន
      • ចំពោះ​ជនជាតិ​ខ្មែរ អតិថិជន​ត្រូវ​មាន​ឯកសារ​មួយ​ក្នុង​ចំណោម​ឯកសារ​ខាង​ក្រោម ៖
        • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ
        • លិខិត​ឆ្លង​ដែន ដែល​នៅ​មាន​សុពលភាព​យ៉ាង​តិច បី​ខែ ឬ
        • សៀវភៅ​គ្រួសារ (ករណី​អតិថិជន​ជា​មេគ្រួសារ) ឬ
        • សៀវភៅ​គ្រួសារ (ករណី​អតិថិជន​ជា​សមាជិក​គ្រួសារ) ឬ​សៀវភៅ​ស្នាក់​នៅ ដោយ​ត្រូវ​ភ្ជាប់​ឯកសារ​ផ្សេងៗ​ដែល​មាន​រូបថត ដូចជា អត្តសញ្ញាណប័ណ្ណ​មន្ត្រី​រាជការ ឬអត្តសញ្ញាណប័ណ្ណ​ការងារ ឬ​ប័ណ្ណ​បើកបរ ឬ​ប័ណ្ណ​សម្គាល់​ខ្លួន​សិស្ស-និស្សិត ជា​ដើម
      • ចំពោះ​ជន​ជាតិ​បរទេស អតិថិជន​ត្រូវ​មាន ៖
        • លិខិត​ឆ្លង​ដែន ដែល​នៅ​មាន​សុពលភាព​យ៉ាង​តិច បី​ខែ
        • អាសយដ្ឋាន​ពិត​ប្រាដក​ដែល​អាច​ទាក់ទង​បាន​នៅ​កម្ពុជា ដោយ​មាន​បញ្ជាក់​ទីលំនៅ​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​លិខិត​បញ្ជាក់ពី​ថ្នាក់​មាន​សមត្ថកិច្ច​របស់​ស្ថាប័ន​កំពុង​បម្រើ​ការងារ ឬ​កិច្ចសន្យា​ការងារ ឬ​កិច្ចសន្យា​អាជីវកម្ម​ជា​មួយ​ដៃគូ​ជំនួញ​នៅ​កម្ពុជា ឬ​លិខិត​បញ្ជា​បេសកកម្ម​ពី​ក្រៅ​ប្រទេស​របស់​ស្ថាប័ន​ដែល​អាច​ទុកចិត្ត​បាន
        • លេខ​ទូរស័ព្ទ ទូរសារ ឬ​អ៊ីម៉ែល ដែល​អាច​ទាក់ទង​បាន
    • សម្រាប់​ក្រុមហ៊ុន ឬ​អង្គការ ត្រូវ​មាន​ឯកសារ​ដូច​ខាង​ក្រោម ៖
      • អនុស្សរណៈ និង​លក្ខន្តិកៈ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ភាព​ជា​ដៃ​គូ ដែល​សម​ស្រប​តាម​សភាព​ជាក់ស្តែង
      • ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​ម្ចាស់​គណនី
      • លិខិត​អនុញ្ញាត​អាជីវកម្ម ឬ​ឱ្យ​ដំណើរការ​អង្គភាព
      • ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រ​ចុះ​បញ្ជី​អាករ​លើ​តំលៃ​បន្ថែម លិខិត​បញ្ជាក់​ការ​បង់​ប្រាក់​ពន្ធ ឬ​លិខិត​ប្រកាស​ពន្ធ​ផ្សេងៗ ដែល​មាន​លិខិត​អត្តសញ្ញាណកម្ម​សារពើពន្ធ
      • ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​នាយក ភាគទុនិក ឬ​ដៃគូ
      • សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាភិបាល ឬ​នាយក​គ្រប់គ្រង លើ​ការ​បើក​គណនី
      • លិខិត​ផ្ទេរ​សិទ្ធិ​ដល់​បុគ្គល​ណា​ម្នាក់​ជា​តំណាង​ឱ្យ​ក្រុមហ៊ុន ឬ​អាជីវកម្ម
      • ឯកសារពាក់ព័ន្ធ​ផ្សេងៗ​ទៀត ។
  2. តើ​តម្រូវឱ្យ​ដាក់​ប្រាក់​កម្កល់​ប៉ុន្មាន សម្រាប់​បើក​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា ?
    • សម្រាប់​គណនី​បញ្ញើសំចៃ និង​គណនី​តាម​តម្រូវការ តម្រូវឱ្យ​ដាក់​ប្រាក់​តម្កល់ ១០.០០០​រៀល, ១០​ដុល្លារ​អាមេរិក, ៤០០បាត, ១០​អឺរ៉ូ, ១០​ដុល្លារ​អូស្ត្រាលី, ១០​ដុល្លារ​កាណាដា, ១០​ផោន, ១.០០០​យ៉េន​ជប៉ុន, ២០០.០០០​ដុង​វៀតណាម ឬ ៨០.០០០​ឡាវ​គីប
    • សម្រាប់​គណនី​ចរន្ត តម្រូវឱ្យ​ដាក់​ប្រាក់​តម្កល់ ៤.០០០.០០០រៀល, ១.០០០​ដុល្លារ​អាមេរិក, ៤០.០០០បាត, ១.០០០អឺរ៉ូ, ១.០០០ដុល្លារ​អូស្ត្រាលី, ១.០០០ដុល្លារ​កាណាដា, ១.០០០ផោន, ១០០.០០០យេន​ជប៉ុន, ២០.០០០.០០០​ដុង​វៀតណាម ឬ​ ៨.០០០.០០០​ឡាវ​គីប ។
  3. តើ​ធនាគារ​អេស៊ីលីដា គិត​ការប្រាក់ឱ្យ​ខ្ញុំ​ដូចម្តេច​ដែរ ?
    ធនាគារ​អេស៊ីលីដា គិត​ការប្រាក់ឱ្យ​ជា​រៀង​រាល់​ថ្ងៃ ហើយ​រៀង​រាល់​ដើម​ខែ ប្រព័ន្ធ​នឹង​គិត​ការប្រាក់​បញ្ចូល​ទៅ​ក្នុង​គណនី​របស់​លោកអ្នក​ដោយ​ស្វ័យប្រវត្តិ ។
  4. តើ​ខ្ញុំ​អាច​បិទ​គណនី​មុន​កាលកំណត់​បាន​ដែរ​ឬ​ទេ ?
    លោកអ្នក​អាច​បិទ​គណនី​មុន​កាលកំណត់​បាន ។
  5. ប្រសិន​បើ​ខ្ញុំ​បាត់​សៀវភៅ​ប្រាក់បញ្ញើ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ?
    ត្រូវ​ជូនដំណឹង​មក​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​លោកអ្នក​បំផុត ។
  6. ប្រសិន​បើ​អតិថិជន​គាត់​មាន​គណនី​នៅ​ភ្នំពេញ តើ​គាត់​អាច​ទៅ​ដក​ប្រាក់​នៅ​បណ្តា​ខេត្ត-ក្រុង ស្រុក-ខណ្ឌ​របស់​ធនាគារ​អេស៊ីលីដា បាន​ដែរ​ឬ​ទេ ?
    អាច​ដក​បាន ប៉ុន្តែ​ត្រូវ​បង់​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក ។
  7. ប្រសិន​បើ​ខ្ញុំ​ជ្រុះ​បាត់​មូលប្បទានបត្រ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ?
    លោកអ្នក​ត្រូវ​ទាក់​ទង​មក​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​លោកអ្នក​បំផុត​ដើម្បី​ធ្វើ​ការ​បញ្ឈប់​សន្លឹក​មូលប្បទានបត្រ​ដែល​បាន​បាត់​នោះ ។
  8. ប្រសិន​បើ​យក​មូលប្បទានបត្រ​ពី​ធនាគារ​ផ្សេង ហើយ​មក​ដក​ប្រាក់​នៅ​ធនាគារ​អេស៊ីលីដា តើ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដែរ ?
    • ប្រសិន​បើ​មូលប្បទានបត្រ​នោះ​ដាក់​នៅ​ធនាគារ​អេស៊ីលីដា មុន​ម៉ោង ៨:៣០ព្រឹក នោះ​គាត់​នឹង​ដក​ប្រាក់​បាន​នៅ​ល្ងាច​ថ្ងៃដដែល
    • ប្រសិន​បើ​មូលប្បទានបត្រ​នោះ​ដាក់​នៅ​ធនាគារ​អេស៊ីលីដា ក្រោយ​ម៉ោង ៨:៣០ព្រឹក នោះ​គាត់​អាច​ដក​ប្រាក់​បាន​នៅ​ថ្ងៃ​បន្ទាប់ ។
  9. យក​មូលប្បទានបត្រ​របស់​ធនាគារ​ផ្សេង​នៅ​ភ្នំពេញ ហើយ​មក​សុំ​ផ្ទេរ​ទៅ​សាខា​របស់​ធនាគារ​អេស៊ីលីដា តើ​បាន​ដែរ​ឬ​ទេ ?
    អាច​ធ្វើ​បាន ។

គណនី​អនាគត​កុមារ

  1. គណនី​អនាគត​កុមារ ជា​គណនី​ដូច​ម្តេច ?
    គណនី​អនាគត​កុមារ គឺ​កំណត់​យក​ឈ្មោះ​កុមារ ជា​ឈ្មោះ​គណនី ហើយ​មាន​ឪពុក-ម្តាយ ឬ​អ្នក​អាណា​ព្យាបាល​ជា​អ្នក​រួម​គណនី​ជា​មួយ ។
  2. តើ​តម្រូវ​ឲ្យ​មាន​ឯកសារ​អ្វី​ខ្លះ​ដើម្បី​បើក​គណនី​អនាគត​កុមារ ?
    • កុមារ
      • ជា​អនីតិជន ដែល​មាន​អាយុ​​តិច​ជាង ១៨ឆ្នាំ (គិត​ត្រឹម​ថ្ងៃ​បើក​គណនី) ។
      • មាន​សំបុត្រ​កំណើត ឬ​លិខិត​ឆ្លង​ដែន (មាន​សុពល​ភាព​យ៉ាង​តិច ៣ខែ) ឬ​ឯកសារ​សម្គាល់​អត្ត​សញ្ញាណ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ។
    • ឪពុក-ម្តាយ ឬ​អ្នក​អាណា​ព្យាបាល
      • ជា​នីតិជន ដែល​មាន​អាយុ​ចាប់​ពី ១៨ឆ្នាំ ។
      • មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន (មាន​សុពល​ភាព​យ៉ាង​តិច ៣ខែ) ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ដែល​មាន​រូបថត ដែល​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដូចជា ៖
        • លិខិត​បញ្ជាក់​អត្តសញ្ញាណ​មាន​បិទ​រូប​ថត ដែល​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន (ឃុំ/សង្កាត់ ឬ​ស្នងការ​នគរបាល​ខេត្ត ក្រុង រាជធានី) ឬ
        • សៀវភៅ​គ្រួសារ (ករណី​អតិថិជន​ជា​មេគ្រួសារ) ឬ
        • សៀវភៅ​គ្រួសារ (ករណី​អតិថិជន​ជា​សមាជិក​គ្រួសារ) ឬ​សៀវភៅ​ស្នាក់​នៅ ដោយ​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​អម ដូចជា ៖ អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រី​រាជការ ឬ អត្តសញ្ញាណ​ប័ណ្ណ​ការងារ ឬ ប័ណ្ណ​បើកបរ ជា​ដើម ។
  3. ករណី​ឪពុក-ម្តាយ ឬ​អ្នក​អាណាព្យាបាល​ជា​ជនបរទេស តើ​គាត់​អាច​ស្នើ​សុំ​បើក​គណនី​អនាគត​កុមារ​បាន​ដែរ ឬ​ទេ ? ហើយ​តម្រូវ​ឲ្យ​មាន​ឯកសារ​អ្វី​ខ្លះ ?
    ឪពុក-ម្តាយ ឬ​អ្នក​អាណាព្យាបាល​ជា​ជន​បរទេស អាច​បើក​គណនី​អនាគត​កុមារ​បាន ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖
    • មាន​លិខិត​ឆ្លង​ដែន (មាន​សុពល​ភាព​យ៉ាង​តិច ៣ខែ) ។
    • មាន​អាសយដ្ឋាន​ទំនាក់​ទំនង​ច្បាស់​លាស់​នៅ​កម្ពុជា ដោយ​មាន​លិខិត​បញ្ជាក់​ទីលំនៅ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​លិខិត​បញ្ជាក់​ពី​ថ្នាក់​មាន​សមត្ថកិច្ច​របស់​ស្ថាប័ន​ដែល​កំពុង​បម្រើ​ការងារ ឬ​កិច្ច​សន្យា​ការងារ ឬ​កិច្ច​សន្យា​អាជីវកម្ម​នៅ​កម្ពុជា ឬ​លិខិត​បញ្ជា​បេសកកម្ម​ពី​ក្រៅ​ប្រទេស​របស់​ស្ថាប័ន ដែល​មាន​ការ​បញ្ជាក់​ពី​សារការី ។
    • មាន​លេខ​ទូរស័ព្ទ ទូរសារ ឬ​អ៊ីម៉ែល ។
    • ករណី​ជា​អាណា​ព្យាបាល​ដោយ​អណត្តិ ត្រូវ​មាន​សាល​ក្រម​ពី​តុលាការ ។
  4. តើ​ប្រភេទ​រូបិយប័ណ្ណ​ណា​ខ្លះ អាច​បើក​គណនី​អនាគត​កុមារ​បាន ?
    គណនី​អនាគត​កុមារ​អាច​បើក​បាន​ជា​រូបិយប័ណ្ណ ៖ ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក និង​ប្រាក់​បាត ។
  5. តើ​ត្រូវ​ដាក់​ប្រាក់​ចូល​គណនី​អនាគត​កុមារ​តាម​របៀប​ណា ?
    ឪពុក-ម្តាយ ឬ​អ្នក​អាណា​ព្យាបាល អាច​ដាក់​ប្រាក់​ក្នុង​គណនី​អនាគត​កុមារ ជា​សាច់​ប្រាក់ ឬ​មូលប្បទានបត្រ នៅ​តាម​បញ្ជរ​ការិយាល័យ​ធនាគារ អេស៊ីលីដា ឬ​តាម​ម៉ាស៊ីន​ដាក់​ប្រាក់​បញ្ញើ ឬ​ផ្ទេរ​ចូល​តាម​រយៈ​សេវា​ធនាគារ​អេឡិច​ត្រូនិច/ឌីជីថល ឬ​តាម​រយៈ​សេវា​បញ្ជា​ផ្ទេរ​អចិន្ត្រៃយ៍ ។
  6. តើ​ឪពុក​ម្តាយ ឬ​អ្នក​អាណា​ព្យាបាល អាច​ដក​ប្រាក់ និង​ទូទាត់ តាម​រយៈ​គណនី​អនាគត​កុមារ​បាន​ឬ​ទេ ?
    ឪពុក-ម្តាយ ឬ​អ្នក​អាណា​ព្យាបាល​មាន​សិទ្ធ​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ក្នុង​គណនី​កុមារ​បាន អាច​ដក​ជា​សាច់​ប្រាក់​នៅ​តាម​បញ្ជរ ឬ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​អេឡិច​ត្រូនិច/ឌីជីថល ឬ​ផ្ទេរ​ទៅ​ជា​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ បាន​តាម​តម្រូវ​ការ ។
  7. តើ​គណនី​អនាគត​កុមារ​តម្រូវ​ឲ្យ​មាន​សមតុល្យ​អប្បបរមា​ដែរ ឬ​ទេ ?
    គណនី​អនាគត​កុមារ​មិន​តម្រូវ​ឲ្យ​មាន​សមតុល្យ​អប្បបរមា​ទេ ។
  8. តើ​ឪពុក-ម្តាយ ឬ​អ្នក​អាណា​ព្យាបាល​អាច​បិទ​គណនី​អនាគត​កុមារ​មុន​កាល​កំណត់​បាន​ដែរ ឬ​ទេ ?
    ប្រសិន​បើ​មុន​ពេល​កុមារ​អាយុ ១៨ឆ្នាំ ឪពុក-ម្តាយ ឬ​អ្នក​អាណា​ព្យាបាល អាច​បិទ​គណនី​អនាគត​កុមារ​បាន ។
  9. តើ​ពេល​ណា​កុមារ​អាច​មាន​សិទ្ធិ​ទទួល​ដោយ​ស្វ័យ​ប្រវិត្ត ?
    នៅ​ពេល​កុមារ​មាន​អាយុ​គ្រប់ ១៨ឆ្នាំ ឬ​ទៅ​តាម​ការ​កំណត់​របស់​ឪពុក-ម្តាយ ឬ​អាណាព្យាបាល ។

គណនី​មាន​កាល​កំណត់​រយៈ​ពេល​វែង

  1. ដូចម្តេច​ដែល​ហៅ​ថា​គណនី​មាន​កាល​កំណត់​រយៈ​ពេល​វែង ?
    គណនី​មាន​កាល​កំណត់​រយៈពេល​វែង គឺ​ជា​កិច្ច​សន្យា​រវាង​អតិថិជន និង​ធនាគារ​អេស៊ីលីដា ស្តីពីការ​ដាក់​ប្រាក់​បញ្ញើ​ក្នុង​អំឡុង​ពេល​កំណត់​មួយ ដែល​មាន​រយៈពេល​ចាប់ពី ២៤ខែ​ឡើង ដែល​ក្នុង​រយៈពេល​នោះ​អតិថិជនទទួល​បាន​ការប្រាក់​ខ្ពស់​ជាង​ធម្មតា ។
  2. តើ​គណនី​មាន​កាល​កំណត់​រយៈ​ពេល​វែង ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ ?
    គណនី​មាន​កាល​កំណត់​រយៈពេល​វែង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​លោក​អ្នក​ដូចជា ៖
    • រក្សា​សាច់ប្រាក់​ប្រកប​ដោយ​សុវត្ថិភាព និង​ទទួល​បាន​ការ​ប្រាក់​ខ្ពស់​ជាង​អត្រា​ធម្មតា
    • ទទួល​បាន​វិញ្ញាបន​បត្រ​ប្រាក់​បញ្ញើ​ដែល​អាច​ប្រើប្រាស់​ជា​ទ្រព្យ​បញ្ចាំ​ជាមួយ​ធនាគារ​អេស៊ីលីដា ក្នុង​ករណី​ត្រូវការ​ឥណទាន​រយៈពេល​ខ្លី ។
  3. តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​បើក​គណនី​មាន​កាលកំណត់​រយៈ​ពេល​វែង ?
    ដំបូង​លោក​អ្នក​ត្រូវ​មាន​គណនី​ជាមួយ​ធនាគារ អាច​ជា​គណនី​ចរន្ត គណនី​បញ្ញើសំចៃ ឬ​គណនី​បញ្ញើ​តាម​តម្រូវការ បន្ទាប់មកលោក​អ្នក​ត្រូវ​មាន​ទឹកប្រាក់​គ្រប់គ្រាន់​ក្នុង​គណនី​ប្រភព​នោះ ។
  4. តើ​ប្រភេទ​រូបិយប័ណ្ណ​ណា​ខ្លះ អាច​បើក​គណនី​មាន​កាលកំណត់​រយៈ​ពេល​វែង ?
    គណនី​មាន​កាល​កំណត់​រយៈពេល​វែង លោក​អ្នក​អាច​បើក​បាន​ជា​ប្រាក់​រៀល ដុល្លារ​អាមេរិក ឬ​បាត ។
  5. តើ​ខ្ញុំ​អាច​ដាក់ប្រាក់​បញ្ញើ​បាន​ប៉ុន្មាន ?
    លោក​អ្នក​អាច​ដាក់​ប្រាក់​បញ្ញើ​ចាប់ពី ២.០០០.០០០​រៀល ៥០០ដុល្លារ​អាមេរិក ឬ​២០.០០០​បាត ។
  6. តើ​ខ្ញុំ​អាច​ដកប្រាក់​មុន​កាលកំណត់​នៃ​កិច្ចសន្យា​បាន​ដែរ​ឬ​ទេ ?
    • លោក​អ្នក​អាច​ដក​ប្រាក់​មុន​កាល​កំណត់​នៃ​កិច្ច​សន្យា​បាន លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​មុន​សិន ។
    • លោក​អ្នក​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​វិញ្ញាបន​បត្រ​ប្រាក់​បញ្ញើ នៅពេល​សុំ​បិទ​គណនី​មាន​កាល​កំណត់​រយៈពេល​វែង មុន​កាល​បរិច្ឆេទ​កំណត់ ។
  7. តើ​ខ្ញុំ​អាច​ស្នើ​សុំ​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​ថ្មី ជំនួស​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​ចាស់​ដែល​បាន​បាត់ ឬ​ខូច​បាន​ដែរ​ឬ​ទេ ?
    លោក​អ្នក​អាច​ស្នើ​សុំ​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​ថ្មី ជំនួស​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​ចាស់​ដែល​បាន​បាត់ ឬ​ខូច​បាន ប៉ុន្តែ​លោក​អ្នក​ត្រូវ​បង់​ថ្លៃ​សេវា ។

គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ

  1. តើ​គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ ជា​សេវា​អ្វី ?
    គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ គឺ​ជា​ប្រភេទ​គណនី​ដែល​អនុញ្ញាតឱ្យ​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​ទៅ​ក្នុង​គណនី​នោះ ក្នុង​គោលបំណងឱ្យ​ធនាគារ​ថែរក្សា និង​ទូទាត់​ទៅឱ្យ​អ្នក​ទទួល​ផល (អ្នក​លក់) ដោយ​យោង​លើ​កិច្ចព្រមព្រៀង​គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ ឬ​តាម​ការ​ស្នើ​សុំ​របស់​អ្នក​លក់​និង​អ្នក​ទិញ ។
  2. តើ​គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ ?
    បង្កើន​ទំនុកចិត្ត​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ទាក់ទង​នឹង​ការ​ទិញ-លក់​អចលនទ្រព្យ និង​មាន​សុវត្ថិភាព​ខ្ពស់ និង​តម្លាភាព ទាក់ទង​នឹង​ការទូទាត់​សាច់ប្រាក់ និង​ការ​ក្លែង​បន្លំ​ឯកសារ ។
  3. តើ​ធ្វើ​ដូចម្តេច​ដើម្បី​ប្រើ​គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ ?
    • អតិថិជន​ត្រូវ​បើក​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា អាច​ជា​គណនី​បញ្ញើ​សំចៃ គណនី​បញ្ញើ​តាម​តម្រូវ​ការ ឬ​គណនី​ចរន្ត
    • បំពេញ​ពាក្យ​សុំ​ប្រើប្រាស់ និង​កិច្ចសន្យា ឬ​កិច្ចព្រមព្រៀង​គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ
    • ភាគី​អ្នក​ទិញ​ត្រូវ​ដាក់​ប្រាក់​ចូល​ក្នុង​គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ​តាម​ចំនួន និង​កាលបរិច្ឆេទ​ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង
  4. តើ​គិត​ថ្លៃ​សេវា​ដូចម្តេច​ក្នុង​ការ​ប្រើប្រាស់​គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ ?
    ថ្លៃ​សេវា​ត្រូវ​បាន​គិត​ទៅ​តាម​ទំហំ​ទឹកប្រាក់​នៃ​ការទូទាត់​ដូច​ខាងក្រោម ៖
    សមតុល្យ​សាច់ប្រាក់ កម្រៃ​សេវា
    រហូត​ដល់ ៥០.០០០​ដុល្លារ ៥០​ដុល្លារ
    ធំ​ជាង ៥០.០០០​ដុល្លារ រហូត​ដល់ ១០០.០០០​ដុល្លារ ១០០​ដុល្លារ
    ធំ​ជាង ១០០.០០០​ដុល្លារ រហូត​ដល់ ១៥០.០០០​ដុល្លារ ១៥០​ដុល្លារ
    ធំ​ជាង ១៥០.០០០​ដុល្លារ រហូត​ដល់ ២០០.០០០​ដុល្លារ ២០០​ដុល្លារ
    ធំ​ជាង ២០០.០០០​ដុល្លារ រហូត​ដល់ ៣០០.០០០​ដុល្លារ ២៥០​ដុល្លារ
    ធំ​ជាង ៣០០.០០០​ដុល្លារ រហូត​ដល់ ៤០០.០០០​ដុល្លារ ៣០០​ដុល្លារ
    ធំ​ជាង ៤០០.០០០​ដុល្លារ រហូត​ដល់ ៥០០.០០០​ដុល្លារ ៣៥០​ដុល្លារ
    ធំ​ជាង ៥០០.០០០​ដុល្លារ រហូត​ដល់ ១.០០០.០០០​ដុល្លារ ៤០០​ដុល្លារ
    ធំ​ជាង ១.០០០.០០០​ដុល្លារ ៥០០​ដុល្លារ
    សំគាល់ ៖ ថ្លៃ​សេវា​ខាង​លើ​អាច​ចរចារ​បាន​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង ។

សេវា Trust Services

  1. តើ​សេវា Trust Services ជា​អ្វី ?
    គឺ​ជា​គណនី​បញ្ញើ-សន្សំ​មួយ​ប្រភេទ​ទៀត ដែល​ធនាគារ​អេស៊ីលីដា ទទួល​ខុស​ត្រូវ​ក្នុង​ការ​ថែរក្សា គ្រប់គ្រង ចាត់​ចែង​សាច់ប្រាក់ ឬ​ទ្រព្យ​សម្បត្តិ​របស់​អតិថិជន (ឯកត្តជន ឬ​ស្ថាប័ន​ណា​មួយ) ទៅ​តាម​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​រវាង​អតិថិជន និង​ធនាគារ​អេស៊ីលីដា ។
  2. តើ​សេវា Trust Services មាន​ប៉ុន្មាន​ប្រភេទ ?
    Trust Services មាន​បួន​ប្រភេទ​គឺ គណនី​មូលនិធិសោធននិវត្តន៍ គណនី​មូលនិធិ​គាំពារ​សុខភាព គណនី​មូលនិធិ​សិក្សា​អប់រំ និង​គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ ។
  3. តើ​ការប្រើប្រាស់​គណនី​មូលនិធិ​សោធននិវត្តន៍ យ៉ាង​ដូចម្តេច ? និង​ទទួល​បាន​ការប្រាក់​ប៉ុន្មាន ?
    • ជា​គណនី​សម្រាប់ឱ្យ​អតិថិជន​អាច​ធ្វើ​ការ​ចំណាយ​ផ្សេងៗ​ផ្ទាល់​ខ្លួន ឬ​ក្នុង​ក្រុមគ្រួសារ​ក្រោយ​ពេល​ចូលនិវត្តន៍
    • បើក​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា អាច​ជា​គណនី​បញ្ញើ​សំចៃ គណនី​បញ្ញើ​តាម​តម្រូវការ ឬ​គណនី​ចរន្ត
    • ទឹកប្រាក់​បញ្ញើ​ដំបូង និង​សមតុល្យ​អប្បបរមា ២០០.០០០រៀល ៥០​ដុល្លារ​អាមេរិក ២.០០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត
    • ទទួល​បាន​អត្រាការប្រាក់ ៥% ក្នុង​មួយ​ឆ្នាំ
  4. តើ​អាច​ដកប្រាក់​មុន​កាល​កំណត់​ដែល​ម្ចាស់​គណនី​ចូល​និវត្តន៍​ដែរ​ឬ​ទេ ?
    លោកអ្នក​អាច​ដក​ប្រាក់​មុន​កាល​បរិច្ឆេទ​ដែល​ត្រូវ​ចូលនិវត្តន៍ ដោយ​គិត​ថ្លៃ​សេវា ២០០.០០០រៀល ៥០​ដុល្លារ​អាមេរិក ២.០០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត ក្នុង​មួយ​ប្រតិបត្តិការ ។
  5. តើ​ការ​ប្រើប្រាស់​គណនី​មូលនិធិ​គាំពារ​សុខភាព យ៉ាង​ដូច​ម្តេច ? និង​ទទួល​បាន​ការប្រាក់​ប៉ុន្មាន ?
    • ជា​គណនី​សម្រាប់ឱ្យ​អតិថិជន​អាច​ធ្វើ​ការចំណាយ​ទៅ​លើ​ការ​គាំពារ​សុខភាព​ផ្ទាល់​ខ្លួន ឬ​ក្នុង​ក្រុម​គ្រួសារ យោង​ទៅ​តាម​លក្ខខណ្ឌ​ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា
    • បើក​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា អាច​ជា​គណនី​បញ្ញើ​សំចៃ គណនី​បញ្ញើ​តាម​តម្រូវការ ឬ​គណនី​ចរន្ត
    • ទឹក​ប្រាក់​បញ្ញើ​ដំបូង ២០០.០០០រៀល ៥០​ដុល្លារ​អាមេរិក ២.០០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត និង​សមតុល្យ​អប្បបរមា ៤០.០០០រៀល ១០​ដុល្លារ​អាមេរិក ៤០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត
    • អត្រា​ការប្រាក់​បន្ថែម ២% ក្នុង​មួយ​ឆ្នាំ លើ​អត្រា​ការប្រាក់​បញ្ញើ-សន្សំ
  6. តើ​អតិថិជន​អាច​ដកប្រាក់​ក្នុង​ករណី​ផ្សេង​ពី​ការ​ចំណាយ​សម្រាប់​គាំពារ​សុខភាព​បាន​ឬ​ទេ ?
    លោកអ្នក​អាច​ដកប្រាក់​ក្នុង​គោលបំណង​ផ្សេង​ក្រៅ​ពី​ចំណាយ​សម្រាប់​គាំពារ​សុខភាព​បាន តែ​ត្រូវ​បង់​ថ្លៃ​សេវា ៨០.០០០រៀល ២០​ដុល្លារ​អាមេរិក ៨០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត ក្នុង​មួយ​ប្រតិបត្តិការ ។
  7. តើ​ការប្រើប្រាស់​គណនី​មូលនិធិ​សិក្សា​អប់រំ យ៉ាង​ដូចម្តេច ? និង​ទទួល​បាន​ការប្រាក់​ប៉ុន្មាន ?
    • ជា​គណនី​សម្រាប់ឱ្យ​អតិថិជន​អាច​ធ្វើ​ការចំណាយ​ផ្សេងៗ​ទាក់ទង​នឹង​ការសិក្សា​អប់រំ​ផ្ទាល់​ខ្លួន ឬ​ក្នុង​ក្រុមគ្រួសារ យោង​តាម​លក្ខខណ្ឌ​ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា
    • បើក​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា អាច​ជា​គណនី​បញ្ញើ​សំចៃ គណនី​បញ្ញើ​តាម​តម្រូវការ ឬ​គណនី​ចរន្ត
    • ទឹកប្រាក់​បញ្ញើ​ដំបូង ២០០.០០០រៀល ៥០​ដុល្លារ​អាមេរិក ២.០០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត និង​សមតុល្យ​អប្បបរមា ៤០.០០០រៀល ១០​ដុល្លារ​អាមេរិក ៤០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត
    • អត្រា​ការប្រាក់​បន្ថែម ២% ក្នុង​មួយ​ឆ្នាំ លើ​អត្រា​ការប្រាក់​បញ្ញើ-សន្សំ
  8. តើ​អតិថិជន​អាច​ដកប្រាក់​ក្នុង​ករណី​ផ្សេង​ពី​ការ​ចំណាយ​សម្រាប់​ការសិក្សា​អប់រំ​បាន​ឬ​ទេ ?
    លោក​អ្នក​អាច​ដក​ប្រាក់​ក្នុង​គោលបំណង​ផ្សេង​ក្រៅ​ពី​ចំណាយ​លើ​ការសិក្សា​អប់រំ ដោយ​ត្រូវ​បង់​ថ្លៃ​សេវា ៨០.០០០រៀល ២០​ដុល្លារ​អាមេរិក ៨០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត ក្នុង​មួយ​ប្រតិបត្តិការ ។

សំគាល់ ៖ ធនាគារ​អេស៊ីលីដា សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែប្រែ​ថ្លៃ​សេវាកម្ម​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​ជា​មុន​ឡើយ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១២១   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ២០.២០០   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៣.១៩៧
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប