តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ព័ត៌មាន​អំពី​ធនាគារ  »  ហេតុការណ៍ និង​តួលេខ  »  ក្រុម​ប្រឹក្សា​ភិបាល

ក្រុម​ប្រឹក្សា​ភិបាល

លោក ឆាយ សឿន   ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល
គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសកម្ម និង​អកម្ម, គណៈកម្មាធិការ​សវនកម្ម និង​សម្របសម្រួល​កិច្ចការ​ច្បាប់, គណៈកម្មាធិការ​ឥណទាន

ជនជាតិ​ខ្មែរ កើត​ក្នុងខែ​មេសា ឆ្នាំ​១៩៥៤ ។ លោក​បានចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​នៅខែ​កញ្ញា ឆ្នាំ​២០១៤ ។ លោក​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​ប្រតិបត្តិ​គ្រប់គ្រង​ពាណិជ្ជកម្ម ជំនាញ​ហិរញ្ញវត្ថុ និង​គណនេយ្យ ពី​សាកល​វិទ្យាល័យ Preston នៅ​សហរដ្ឋអាមេរិក ។ លោក​ក៏បានបញ្ចប់​វគ្គសិក្សា​ស្តីពី​អភិបាលក្រុមហ៊ុន ពី​វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។ លោក​បានចូលបម្រើការ​ជាមួយ​អេស៊ីលីដា ចាប់តាំងពី​ខែ​មករា ឆ្នាំ​១៩៩៣ រហូតដល់​ចូលនិវត្តន៍​នៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៤ ។ តួនាទី​ចុងក្រោយ​មុនចូលនិវត្តន៍​របស់​លោក​នៅក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាអនុប្រធាន​នាយក​ប្រតិបត្តិ និង​ជាគណៈប្រធាន​នាយក​ប្រតិបត្តិហិរញ្ញវត្ថុ ។ លោក​ធ្លាប់ធ្វើជា​គណនេយ្យករ និង​ជាអនុប្រធាន​គណនេយ្យករ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពត ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៩២ ។

បច្ចុប្បន្ន​លោកជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី, សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ​ធនាគារ អេស៊ីលីដា ឡាវ, និង​សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។

បណ្ឌិត អ៊ិន ចាន់នី   អភិបាល
គណៈកម្មាធិការ​ក្រុមប្រឹក្សាភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសកម្ម និងអកម្ម

ជន​ជាតិ​ខ្មែរ កើត​ក្នុង​ខែ​មិថុនា ឆ្នាំ១៩៦០ ។ បណ្ឌិត អ៊ិន ចាន់នី ជា​ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់​តាំង​ពីធនាគារ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០០ ។ លោកបណិ្ឌត​បានចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ​នៅ​ខែកញ្ញា ឆ្នាំ​២០១៤ ។ បណ្ឌិត អ៊ិន ចាន់នី ជា​សហស្ថាបនិក​របស់​សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​កម្ពុជា (​អេស៊ីលីដា) តាំង​ពីខែ​មករា ឆ្នាំ១៩៩៣ ។ ក្នុង​តួនាទីជាប្រធាន​នាយក​ប្រតិបត្តិ លោក​បណ្ឌិត​ជា​អ្នកដឹក​នាំគណៈកម្មាធិការ​ប្រតិបត្តិ ទទួល​ខុស​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រួម និង​ដំណើរ​ការងារ​អាជីវកម្មប្រចាំថ្ងៃ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រម​ទាំង​ប្រតិបត្តិផែនការ​អាជីវកម្ម ។ លោកបណ្ឌិត​ទទួល​ខុស​ត្រូវ​ផ្ទាល់​ចំពោះ​ក្រុម​ប្រឹក្សា​ភិបាល ។

ទំនួល​ខុស​ត្រូវ​ផ្សេងទៀត​របស់​លោក​បណ្ឌិត រួម​មាន ជាប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ អេស៊ីលីដា ឡាវ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​ជា​តំណាង​ភាគទុនិក​របស់ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ី​លីដា, ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង​អេស៊ីលីដា ប្រូភើធី អិលធីឌី ។ លោក​បណ្ឌិត​ក៏​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ។

ក្រៅ​ពីមុខ​ងារ និង​តួនាទីនៅក្នុង​អេស៊ីលីដា លោក​បណ្ឌិត​គឺ​ជា​ប្រធាន​សមាគម​ពាណិជ្ជកម្ម​និង​វិនិយោគ​កម្ពុជា-ជប៉ុន (ស.ព.វ.ក.ជ) និង​សមាជិក​អនុគណៈកម្មាធិការ​រាជរដ្ឋាភិបាល​សម្រាប់អភិបាលកិច្ចសាជីវកម្ម ។ លោក​បណ្ឌិត​ជា​អ្នក​តំណាង​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​សមាជិក​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ។

នៅ​ក្នុង​ឆ្នាំ១៩៩៨ លោក​បាន​បញ្ចប់​វគ្គ​គ្រប់​គ្រង​ស្តីពី​ស្ថាប័ន​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រាស​ឯកជន (FIPED) ពី​សាកល​វិទ្យាល័យ Harvard សហរដ្ឋ​អាមេរិក ។ លោក​បាន​បញ្ចប់ការសិក្សា​ថ្នាក់បណ្ឌិត ផ្នែក​គ្រប់គ្រង​អាជីវកម្ម និង​បាន​បញ្ចប់វគ្គសិក្សា​ស្តីពី អភិបាល​ក្រុម​ហ៊ុន ពីវិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់អភិបាល​ក្រុម​ហ៊ុន (GAICD) ។

លោក រ័ត្ន យូម៉េង   អភិបាល
គណៈកម្មាធិការ​ក្រុមប្រឹក្សាភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសកម្ម និងអកម្ម, គណៈកម្មា​ធិការ​គ្រប់គ្រង​ហានិភ័យ

ជនជាតិ​ខ្មែរ កើត​ក្នុង​ឆ្នាំ១៩៦២ ។ លោក រ័ត្ន យូម៉េង បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​នៅ​ខែកញ្ញា ឆ្នាំ២០១៤ ។ លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ ពី​សាកលវិទ្យាល័យ វេស្ទើន នៅ​ទីក្រុង​ភ្នំពេញ ។ ចាប់​ពី​ឆ្នាំ១៩៩២ រហូត​មក​ដល់​ខែមីនា ឆ្នាំ១៩៩៦ លោក​បាន​បម្រើ​ការ​ជា​ជំនួយការ​ហិរញ្ញវត្ថុ​លើ​គម្រោង​ពីរ​ក្នុង​ប្រទេស​កម្ពុជា គឺ​គម្រោង CMB/92/010 (ជា​គម្រោង​សម្រាប់​លើក​កម្ពស់​សហគ្រាស​ខ្នាត​តូច) និង​គម្រោង CBM/95/010 (ជា​គម្រោង​សម្រាប់​កាត់​បន្ថយ​ភាពក្រីក្រ​តាម​រយៈ​សេវា​ហិរញ្ញវត្ថុ​អេស៊ីលីដា) ។ គម្រោង​ទាំង​ពីរ​ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​បាន​ទទួល​មូលនិធិ​ពី​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ។ ចាប់​ពី​ខែមេសា ឆ្នាំ១៩៩៦ រហូត​ដល់ ឆ្នាំ១៩៩៨ លោក​បាន​បម្រើការ​ជា​ជំនួយការ​ហិរញ្ញវត្ថុ​ឱ្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ ។ ចាប់​ពី​ខែមករា ឆ្នាំ១៩៩៩ រហូត​ដល់​បច្ចុប្បន្ន លោក​បាន​បម្រើការ​ឱ្យ​​ធនាគារ​អេស៊ីលីដា ក្នុង​តំណែង​ជា​ច្រើន​ដូចជា ជា​ប្រធាន​គណនេយ្យករ និង​អនុប្រធាន​ហិរញ្ញវត្ថុ (ខែឧសភា ឆ្នាំ១៩៩៩ ដល់​ខែឧសភា ឆ្នាំ២០០៧), ជា​នាយក​នាយកដ្ឋាន​ហិរញ្ញវត្ថុ (ខែមិថុនា ឆ្នាំ២០០៧ ដល់​ខែសីហា ឆ្នាំ២០០៨) និង​ជា​នាយក​ប្រតិបត្តិ​រតនាភិបាល (ខែកញ្ញា ឆ្នាំ២០០៨ ដល់​ខែឧសភា ឆ្នាំ២០១៥) និង​ជា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​រតនាភិបាល (ខែ​មិថុនា ឆ្នាំ២០១៥ ដល់​បច្ចុប្បន្ន) ។ ចាប់​ពី​ឆ្នាំ២០០១ រហូត​ដល់​ខែកញ្ញា ឆ្នាំ២០១៤ លោក​ក៏ជា​អ្នក​តំណាង​ភាគទុនិក​របស់​ក្រុមហ៊ុន អេ អេស អេ ដែល​ជា​ភាគទុនិក​ក្នុង​ស្រុកមួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

បណ្ឌិត Pieter KOOI   អភិបាល
គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រង​ហានិភ័យ (ប្រធាន), គណៈកម្មាធិការ​សវនកម្ម និង​សម្របសម្រួល​កិច្ចការច្បាប់ (ប្រធាន), គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសកម្ម និង​អកម្ម

ជនជាតិ​ហុល្លង់ដ៍ កើត​ក្នុង​ឆ្នាំ​១៩៥៨ បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​នៅ​ខែ​តុលា ឆ្នាំ​២០០០ ។ លោក​ទទួល​បាន​អនុបណ្ឌិត​ផ្នែក​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សង្គមវិទ្យា នៅ​សាកល​វិទ្យាល័យ Erasmus ក្នុង​ទីក្រុង Rotterdam ប្រទេស​ហុល្លង់ដ៍ ។ ចាប់​ពី​ឆ្នាំ​១៩៩៣ លោក​បាន​ធ្វើ​ជា​ទីប្រឹក្សា​មីក្រូហិរញ្ញវត្ថុឱ្យ​អេស៊ីលីដា រយៈ​ពេល​ជាង ៧ឆ្នាំ ដើម្បី​កម្លាយខ្លួន​ពី​កម្មវិធី​អភិវឌ្ឍន៍​ទៅជា​ធនាគារ​ពាណិជ្ជ ។ ចាប់ពី​ឆ្នាំ១៩៩៩ បណ្ឌិត Pieter KOOI បាន​បម្រើ​ការងារ​ជា​ទីប្រឹក្សា​មីក្រូ​ហិរញ្ញវត្ថុ​រយៈពេលខ្លី ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ នៅក្នុង​ ១៥​ប្រទេស ដែល​ភាគច្រើន​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក និង​អាស៊ី ។ ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០០២ ដល់​ខែ​ធ្នូ ឆ្នាំ​២០០៥ លោក​មាន​តួនាទី​ជា​នាយក​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ​របស់ UNCDF ក្នុង​ទីក្រុង​ញូយ៉ក ។ ចាប់​ពី​ខែ​មីនា ឆ្នាំ​២០០៦ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១១ លោក​បាន​ធ្វើ​ជាទីប្រឹក្សា​ក្រៅ​ម៉ោងឱ្យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ការ​បង្កើត​ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ត្រេននីង សេនធ័រ, និង​អេស៊ីលីដា ស៊ីឃ្យួរឹធី ។ បច្ចុប្បន្ន​លោក​ធ្វើ​ជា​ក្រុមប្រឹក្សាភិបាល​នៅ​ក្នុង​ស្ថាប័ន​ជា​ច្រើន និង​ផ្តល់​ការ​ប្រឹក្សា​រយៈពេល​ខ្លី ហើយ​ថែម​ទាំង​បង្ហាត់​បង្រៀន​អំពី​មីក្រូ​ហិរញ្ញវត្ថុ អភិបាលកិច្ច និង​យុទ្ធសាស្ត្រ​គ្រប់គ្រង ។ ​លោក​បាន​បញ្ចប់​ការសិក្សា​​ពី​វិទ្យាស្ថាន​អូស្ត្រាលី​​សម្រាប់​អភិបាល​ក្រុមហ៊ុន ។

លោកស្រី Femke BOS   អភិបាល
គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​ឥណទាន (ប្រធាន), គណៈកម្មាធិការ​ផ្តល់​តម្លៃការ និង​ជ្រើសតាំង, គណៈកម្មាធិការ​គ្រប់គ្រង​ហានិភ័យ

ជនជាតិហុល្លង់ដ៍ បាន​ចូល​រួម​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល នៅ​ខែ​សីហា ឆ្នាំ​២០០២ ។ លោកស្រី Femke BOS គឺ​ជា​នាយិកា​គ្រប់គ្រង​មូលនិធិវិនិយោគ​សំខាន់ៗ​ពីរ របស់់ Triodos Investment Management ដែល​ជាបុត្រសម្ព័ន្ធ​ពេញ​លេញ​របស់​ធនាគារ Triodos នៅ​ក្នុង​ប្រទេស​ហុល្លង់ដ៍ ។ លោក​ស្រី​បាន​បម្រើ​ការងារ​នៅ​ក្នុង Triodos Investment Management នៅ​ក្នុង​ឆ្នាំ​២០០២ ក្នុង​តួនាទី​ជា​មន្ត្រី​វិនិយោគ​ជាន់​ខ្ពស់​សម្រាប់​អាស៊ី ។ លោក​ស្រី Femke BOS មាន​បទ​ពិសោធន៍យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ទាំង​នៅ​ទ្វីប​អឺរ៉ុប និង​ក្នុង​ទីផ្សារ​ទើប​តែ​ចាប់ផ្តើម​រីក​ចម្រើន​និង​ទីផ្សារ​ដែល​មាន​ព្រំដែន ។ លោក​ស្រី​ធ្លាប់​ធ្វើ​ជា​សមាជិកា​ក្រុមប្រឹក្សា​ភិបាល​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ច្រើន​ទូទាំង​តំបន់​អាស៊ី ហើយ​បច្ចុប្បន្ន​លោក​ស្រី​ជា​សមាជិកា​ក្រុមប្រឹក្សាភិបាល​របស់ Dawn Microfinance ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ។ មុន​ពេល​ចូល​បម្រើ​ការ​ក្នុង Triodos Investment Management លោក​ស្រី​​បាន​បម្រើ​ការងារ ក្នុង​តំណែង​ថ្នាក់​គ្រប់គ្រង​​ជា​ច្រើន​នៅ​ធនាគារ ABN AMRO ក្នុង​ប្រទេស​ហុល្លង់ដ៍ ។ លោក​ស្រីបាន​ទទួល​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​នីតិសាស្ត្រ ពីសាកលវិទ្យាល័យ Amsterdam ក្នុងឆ្នាំ១៩៩៤ ។ នៅ​ឆ្នាំ២០០៦ លោក​ស្រីបាន​ចូល​រួម​វគ្គសិក្សា​ស្តីពីអភិបាល​ក្រុមហ៊ុន​អន្តរ​ជាតិ របស់​វិទ្យាស្ថាន​អូស្ត្រាលីសម្រាប់អភិបាល​ក្រុមហ៊ុន នៅទីក្រុង Perth ប្រទេស​អូស្ត្រាលី ។

លោកស្រី Heng Su Yin   អភិបាល
គណៈ​កម្មាធិការ​​ក្រុម​ប្រឹក្សា​​ភិបាល ៖ គណៈ​កម្មាធិការ​ផ្តល់​តម្លៃការ និង​ជ្រើស​តាំង

ជន​ជាតិ​សឹង្ហបុរី បាន​ចូល​រួម​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល នៅ​ខែ​ធ្នូ ឆ្នាំ២០១៦ ។ លោក​ស្រី Heng Su Yin បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ជំនាញ​គណនេយ្យ ពី​សាកវិទ្យាល័យ Nanyang Technological នៅ​ក្នុង​ឆ្នាំ២០០១ និង​បាន​ទទួល​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់​គ្រង​ពាណិជ្ជកម្ម (MIT-Tsinghua) ពី​សាកល​វិទ្យាល័យ Tsinghua (សាលា​សេដ្ឋកិច្ច និង​គ្រប់​គ្រង) នៅ​ក្នុង​ឆ្នាំ២០១៣ ។ លោក​ស្រី​បាន​ចាប់​ផ្តើម​ការងារ​ដំបូង​ជា​មួយ​អាជ្ញាធរ​គ្រប់​គ្រង​រូបិយវត្ថុ​សិង្ហបុរី បន្ទាប់​មក​ក៏​បាន​កាន់​កាប់​តំណែង​ជា​ច្រើន នៅ​ក្នុង​ទីផ្សារ​មូលធន របស់​ធនាគារ Sumitomo Mitsui Banking Corporation (SMBC) និង Standard Chartered Bank ។ បច្ចុប្បន្ន​លោក​ស្រី​មាន​តួនាទី​ជា​នាយិកា​ទី​មួយ នៅ​ក្នុង​នាយកដ្ឋាន​កំណើន​ទីផ្សារ​អាស៊ី ដោយ​ទទួល​ខុស​ត្រូវ​រៀបចំ​ផែន​ការ​យុទ្ធសាស្ត្រ របស់​ធនាគារ SMBC ។

Mr. Cornelius OBERT   អភិបាល
គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យ​សកម្ម និង​អកម្ម (ប្រធាន), គណៈកម្មាធិការ​ឥណទាន, គណៈកម្មាធិការ​គ្រប់គ្រង​ហានិភ័យ

ជនជាតិ​អាល្លឺម៉ង់ កើត​ក្នុង​ឆ្នាំ១៩៥០ ។ លោក​បានចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ខែ​សីហា ឆ្នាំ២០១៥ ។ លោក​បានបញ្ចប់​ការសិក្សា​នៅ​ឆ្នាំ១៩៧៦ ដោយ​ទទួលបាន​សញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច និង​គ្រប់គ្រង​ពី​សាកលវិទ្យាល័យ Hamburg ។ លោក​ធ្លាប់​ធ្វើ​ជា​នាយក​គ្រប់គ្រង និង​សមាជិក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ Commerzbank International SA Luxembourg និង​ធ្លាប់​ធ្វើ​ជា​អគ្គនាយក Commerzbank AG, សាខា Johannesburg ។ ទទួល​ខុស​ត្រូវ​លើ​ជំនួញ​សាជីវកម្ម រតនាគារ ជំនួញ​លោហៈ​មាន​តម្លៃ និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ។

Mr. Ian S. LYDALL   អភិបាល
គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​ផ្តល់​តម្លៃការ និង​ជ្រើសតាំង (ប្រធាន), គណៈកម្មាធិការ​សវនកម្ម និង​សម្រប​សម្រួល​កិច្ចការ​ច្បាប់

ជនជាតិ​អង់គ្លេស កើត​ក្នុង​ឆ្នាំ១៩៥៥ ។ លោក​បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ខែ​សីហា ឆ្នាំ២០១៥ ។ លោក​ធ្លាប់​ធ្វើ​ជា​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន PwC នៅ​វៀតណាម ។ លោក​បាន​ចូលនិវត្តន៍​ពី​ក្រុមហ៊ុន​នេះ​នៅ​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០១៥ ។ លោក​មាន​បំណង​រួម​ចំណែក​ជា​មួយ​ធនាគារ​អេស៊ីលីដា ដោយ​ប្រើប្រាស់​បទពិសោធន៍​របស់​លោក​ខាង​ផ្នែក​របាយការណ៍​ហិរញ្ញវត្ថុ អភិបាលកិច្ច​សាជីវកម្ម ការ​គ្រប់គ្រង​ហានិភ័យ យុទ្ធសាស្ត្រ និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ។ លោក​មាន​បទពិសោធន៍​យ៉ាង​ទូលំទូលាយ និង​ស៊ីជម្រៅ​ទាក់ទង​នឹង​សេវា​ហិរញ្ញវត្ថុ ។

Mr. Marc ROBERT   អភិបាល
គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​ផ្តល់​តម្លៃការ និង​ជ្រើសតាំង, គណៈកម្មាធិការ​ឥណទាន

ជន​ជាតិ​បារាំង កើត​ក្នុង​ឆ្នាំ១៩៧៣ ។ លោក​បាន​ចូល​រួម​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ខែ​សីហា ឆ្នាំ២០១៥ ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ពី ESSEC និង Science Po Paris ព្រម​ទាំង​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច ពី​សាកល​វិទ្យាល័យ California Davis និង​សាកល​វិទ្យាល័យ Toulouse ក្នុង​ឆ្នាំ​២០០៣ ។ លោក​បាន​ចាប់​ផ្តើម​ការងារ​ខាង​ផ្នែក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ក្រោយ​មក​ទៀត​ធ្វើ​ជា​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​ធនាគារ​អឺរ៉ុប​មួយ​ចំនួន ។ បច្ចុប្បន្ន​លោក​បម្រើការ​នៅ BRED Banque Populaire ក្នុង​តួនាទី​ជា​សមាជិក​នៃ​ថ្នាក់​គ្រប់​គ្រង​ក្រុម​ប្រឹក្សា​ភិបាល និង​ជា​ប្រធាន​អន្តរជាតិ ដោយ​ទទួល​បន្ទុក​គ្រប់​គ្រង​បុត្រ​សម្ព័ន្ធ​ក្រៅ​ប្រទេស ចំនួន ១២ នៅ​ជុំ​វិញ​ពិភពលោក ។

Mr. Yoshiaki MATSUOKA   អភិបាល
គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​ផ្តល់​តម្លៃការ និង​ជ្រើសតាំង

ជន​ជាតិ​ជប៉ុន កើត​ក្នុង​ឆ្នាំ១៩៦៨ ។ លោក​បាន​ចូល​រួម​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ខែ​សីហា ឆ្នាំ២០១៥ និង​​បាន​ចូល​ជា​សមាជិក​គណៈ​កម្មាធិការ​ផ្តល់​តម្លៃការ​និង​ជ្រើស​តាំង នៅ​ខែ​ធ្នូ ឆ្នាំ២០១៥ ។

បច្ចុប្បន្ន​លោក​មាន​តួនាទី​ជា​អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​អនុ​ប្រធាន​ផ្នែក​វិនិយោគ​និង​ប្រតិបត្តិការ​ក្នុង​ការិយាល័យ​កណ្តាល​របស់​សម្ព័ន្ធ​វិនិយោគ​និង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​សកល​នៃ ORIX Corporation ព្រម​ទាំង​ទទួល​បន្ទុក​ដឹក​នាំ​យុទ្ធសាស្ត្រ​ការ​វិនិយោគ​ទុន​នៅ​អាស៊ាន អាស៊ី​ខាង​ត្បូង មជ្ឈិម​ប្រទេស អាហ្វ្រិក​ខាង​ជើង និង​អឺរ៉ុប ។ លោក​ជា​អ្នក​តំណាង​ឱ្យ ORIX Corporation នៅ​ក្រុមហ៊ុន​វិនិយោគ​សំខាន់ៗ​ជា​ច្រើន ដូចជា Tenger Financial Group (ជា​ធនាគារ​ធំ​មួយ​ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ​ធំៗ​ជា​ច្រើន​នៅ​ម៉ុងហ្គោលី) និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​ធានា​រ៉ាប់រង​បន្ត Medgulf (ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ដ៏​ធំ​ទី​ពីរ​នៅ​ក្នុង​មជ្ឈិម​ប្រទេស) ។

លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​រូបវិទ្យា ពី​សាកល​វិទ្យាល័យ Kwansei Gakuin នៅ​ក្នុង​ប្រទេស​ជប៉ុន ។ លោក​បាន​បម្រើ​ការ​ឱ្យ ORIX Corporation ក្នុង​ឆ្នាំ​១៩៩១ និង​បាន​ចាប់​ផ្តើម​ការងារ​ក្នុង​នាយកដ្ឋាន​ទំនាក់​ទំនង​លក់​អូសាកា ។ ចាប់​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០៤ លោក​បាន​ចូល​រួម​ការងារ​ក្នុង​នាយកដ្ឋាន​កុំព្យូទ័រ​និង​ទំនាក់​ទំនង ព្រម​ទាំង​គ្រប់​គ្រង​កម្មវិធី​វិនិយោគ​រួម​គ្នា ជា​មួយ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ព័ត៌មាន​សហរដ្ឋ​អាមេរិក​ដ៏​ធំ​មួយ ក្នុង​តួនាទី​ជា​នាយក​គ្រប់​គ្រង ។ នៅ​ឆ្នាំ​២០០៤ លោក​បាន​ចូល​រួម​ការងារ​នៅ ORIX U.S.A Corporation ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ និង​សេវា​ប្រឹក្សា​យោបល់​ដល់​ក្រុមហ៊ុន​ដែល​ចង់​ផ្ទេរ ឬ​កម្លាយ​ខ្លួន ។ ក្នុង​ឆ្នាំ​២០០៧ លោក​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ផ្នែក​វិនិយោគ​និង​ពាណិជ្ជកម្ម​សកល ព្រម​ទាំង​គ្រប់​គ្រង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រៅ​ប្រទេស​ជា​ច្រើន​ទៀត ក្នុង​តួនាទី​ជា​នាយក ឬ​ប្រធាន​តំណាង​ឱ្យ ORIX Corporation ក្នុង​ក្រុមហ៊ុន PT ORIX Indonesia Finance, ORIX Leasing Pakistan, ORIX Leasing Egypt ។ នៅ​ឆ្នាំ​២០១២ លោក​បាន​បម្រើការ​ក្នុង​តួនាទី​ជា​អគ្គនាយក​ផ្នែក​វិនិយោគ​និង​ប្រតិបត្តិការ​ក្នុង​ការិយាល័យ​កណ្តាល​របស់​សម្ព័ន្ធ​វិនិយោគ និង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​សកល ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៦៨   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៣.៥៩១   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៣៩១
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប