តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ព័ត៌មាន​ហិរញ្ញវត្ថុ  »  របាយការណ៍​ប្រធាន​ក្រុម​ប្រឹក្សាភិបាល

របាយការណ៍​ប្រធាន​ក្រុម​ប្រឹក្សាភិបាល

លោក ឆាយ សឿន ប្រធាន​ក្រុមប្រឹក្សាភិបាល

"ជំនួស​មុខ​ឱ្យ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​បង្ហាញ​នូវ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​រួម​មាន​ទិដ្ឋភាព​ទូទៅ​ដ៏​ទូលំ​ទូលាយ និង​ការ​ពន្យល់​ក្បោះ​ក្បាយ​អំពី​លទ្ធផល​ដែល​បាន​អនុវត្តន៍​របស់​យើង​ខ្ញុំ​ក្នុង​ឆ្នាំ២០១៦ ដូចជា របាយការណ៍​លម្អិត​ស្តី​ពី​អភិបាល​កិច្ច​សាជីវកម្ម និង​របាយការណ៍​ហិរញ្ញវត្ថុ​រួម​នៅ​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៦ ។"

សកម្មភាព​សំខាន់ៗ​ក្នុង​ឆ្នាំ២០១៦

ក្នុង​ឆ្នាំ​២០១៦ យើង​ខ្ញុំ​បាន​បន្ត​អនុវត្ត​គោល​ដៅ​ចម្បង​របស់​ធនាគារ ដែល​បាន​បញ្ជាក់​នៅ​ក្នុង​យុទ្ធសាស្ត្រ​៥ឆ្នាំ​របស់​ធនាគារ ២០១៦-២០២១ ដើម្បី​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ធំ និង​ឈាន​មុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត) ព្រម​ទាំង​ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​ធនាគារ ។ ការអនុវត្ត​ប្រកប​ដោយ​តម្លាភាព គឺ​ផ្ដល់​នូវ​ទំនុក​ចិត្ត​ដល់​ភាគទុនិក​របស់​ធនាគារ​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំណេញ​រយៈពេល​វែង ពី​ព្រោះ​យើង​បន្ត​គាំទ្រ​នូវ​របៀប​វារៈ​កំណើន​សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​តែ​បន្ត​ពង្រឹង​គំរូ​អាជីវកម្ម​របស់​ខ្លួន ព្រម​ទាំង​សម្រួល​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​សេវា​ធនាគារ​ជូន​ដល់​អតិថិជន​ទាំង​វិស័យ​ឯកជន និង​សាធារណៈ ដែល​អាច​ទទួល​បាន​ប្រាក់​ចំណូល​ប្រកប​ដោយ​និរន្តរភាព​នា​ពេល​អនាគត និង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ភាគទុនិក​របស់​ធនាគារ ។

នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ យើង​ខ្ញុំ​បាន​បន្ត​លើក​កម្ពស់​សេវា​ធនាគារ​អេឡិច​ត្រូនិក​ដើម្បី​ផ្តល់​នូវ​សេវា​ដ៏​ល្អ​ឥត​ខ្ចោះ និង​ងាយ​ស្រួល​ដល់​អតិថិជន​ព្រម​ទាំង​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​បម្រើ​អតិថិជន​ទូទាំង​សកលលោក​ចាប់​ពី​ឆ្នាំ២០១៧ នេះ​តទៅ ។

ស្ថាប័ន​ផ្តល់​ចំណាត់​ថ្នាក់ Standard & Poor's បាន​រក្សា​ចំណាត់​ថ្នាក់​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​កម្រិត "B+" ដដែល ជា​មួយ​ចក្ខុ​វិស័យ "ស្ថិរភាព" ។ ចំណាត់​ថ្នាក់​នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​ភាព​ជោគ​ជ័យ​របស់​យើង​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច ដើមទុន បណ្តាញ​ប្រតិបត្តិការ និង​ផ្តល់​នូវ​សេវាកម្ម​ជា​លក្ខណៈ​ស្តង់ដារ ។

ឆ្នាំ​២០១៦ គឺ​ជា​ឆ្នាំ​ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ភាព​រីក​ចម្រើន​លូត​លាស់​គ្រប់​ផ្នែក​ទាំង​អស់ គួរ​ឱ្យ​កត់​សម្គាល់ ។ ប្រាក់​ចំណេញ​សុទ្ធ​ដំណាច់​ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ មាន​ចំនួន ១២៦,៨៩ លាន​ដុល្លារ​អាមេរិក ដែល​កាល​ពី​ឆ្នាំ២០១៥ មាន​ត្រឹម​ចំនួន ១០៥,០៧ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ។ ប្រាក់​ចំណេញ​មុន​ដក​ពន្ធ​ប្រចាំ​ឆ្នាំ២០១៦ បាន​កើន​ឡើង​ដល់ ១៥៨,៣៨ លាន​ដុល្លារ​អាមេរិក ដែល​នេះ​គឺ​ជា​ប្រាក់​ចំណេញ​ដែល​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ២០១៥ ចំនួន ១៩,៤៥% ។ កំណើន​នេះ​បាន​កើន​ឡើង ១១,៨៩% ជា​ចំណូល​ការ​ប្រាក់​សុទ្ធ ដែល​មាន​ចំនួន ២៨៧,២២ លាន​ដុល្លារ​អាមេរិក និង ២៣,៨៥% ជា​ថ្លៃ​សេវា​និង​កម្រៃ​ជើងសា​ដែល​មាន​ចំនួន ៤៨,១៣ លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ឆ្នាំ២០១៦ ។

តួលេខ​ទាំង​នេះ​បង្ហាញ​នូវ​ភាព​រីក​ចម្រើន​ដ៏​រឹង​មាំ នៅ​ក្នុង​វិស័យ​ធនាគារ​របស់​យើង ព្រោះ​យើង​បន្ដ​ឱ្យ​មាន​តុល្យភាព​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​វិនិយោគ​ពី​អាជីវកម្ម​ស្នូល ។ ប្រាក់​ចំណូល​មិន​មែន​ការ​ប្រាក់ បាន​មក​ពី​ប្រតិបត្តិការ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ទាំង​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា មាន​ចំនួន ៦៣,៦៨ លាន​ដុល្លារ​អាមេរិក ដែល​ស្មើ​នឹង​ចំនួន ១៣,៣៩% នៃ​ប្រាក់​ចំណូល​សរុប ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​កំណើន​ដ៏​រឹង​មាំ​ដែល​បង្ហាញ​ក្នុង​តារាង​តុល្យការ ឆ្នាំ២០១៦ របស់​ខ្លួន ក្នុង​នោះ​ទ្រព្យ​សកម្ម​សរុប​កើន​ឡើង ២០,០៦% មាន​ចំនួន ៤,៦៦ ពាន់​លាន​ដុល្លារ​អាមេរិក​បើ​ធៀប​ទៅ​នឹង​ចុង​ឆ្នាំ២០១៥ ដែល​មាន​ចំនួន ៣,៨៩ ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ។ ឥណទាន និង​បុរេ​ប្រទាន​បាន​កើន​ឡើង ១៣,៣០% មាន​ចំនួន ២,៨៤ ពាន់​លាន​ដុល្លារ​អាមេរិក ។ ប្រាក់​បញ្ញើ​របស់​អតិថិជន និង​ស្ថាប័ន​ធនាគារ បាន​កើន​ឡើង ១៥,៩៧% មាន​ចំនួន ៣,១៣ ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៦ បើ​ធៀប​ទៅ​នឹង​ចុង​ឆ្នាំ២០១៥ ដែល​មាន​ត្រឹម ២,៧០ ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ។ គុណភាព​ឥណទាន​ត្រូវ​បាន​បង្ការ ធ្វើ​ឱ្យ​អនុបាត​ឥណទាន​មិន​ដំណើរការ​នៅ​ត្រឹម ០,៦៨% ។ ប្រាក់​ចំណេញ​ក្នុង​មួយ​ហ៊ុន​មាន​ចំនួន ០,៤១២៣% នៅ​ចុង​ឆ្នាំ២០១៦ ដែល​កាល​ពី​ឆ្នាំ២០១៥ មាន​ត្រឹម ០,៣៩៥៤ ប៉ុណ្ណោះ ។ អនុបាត​ដើម​ទុន​មាន​ភាព​គ្រប់​គ្រាន់​គឺ ២៣,១០% ស្រប​តាម​បទប្បញ្ញត្តិ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ។

អនុលោម​តាម​លក្ខខណ្ឌ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទប់​ស្កាត់​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​ហានិភ័យ​ប៉ះ​ពាល់​ដល់​មូល​និធិ​ភាគទុនិក ។ នៅ​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៦ យើង​មាន​ទុន​បម្រុង​ចំនួន ៣៨១,០៤ លាន​ដុល្លារ​អាមេរិក ដែល​អាច​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ។ ដោយ​មាន​គោល​បំណង​បង្កើន​ប្រាក់​ចំណេញ​អតិបរមា​រយៈ​ពេល​វែង​ជូន​ដល់​ភាគទុនិក ក្រុម​ប្រឹក្សា​ភិបាល​បាន​ផ្ដល់​អនុសាសន៍​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ ក្នុង​ការ​បែង​ចែក​ភាគ​លាភ​ជា​សាច់​ប្រាក់​ចំនួន ១០% និង​បែង​ចែក​ភាគ​លាភ​ជា​ភាគហ៊ុន​ចំនួន ៤០% នៃ​ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​ដក​ពន្ធ ឆ្នាំ​២០១៦ ដែល​ស្មើ​នឹង ០,២០៦២ ក្នុង​មួយ​ហ៊ុន ។

អភិបាលកិច្ច

មាន​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​ទាក់​ទង​នឹង​អភិបាលកិច្ច​របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​ឆ្នាំ២០១៦​នេះ ។ ចំណែក​ឯ​នៅ​ក្នុង​ថ្នាក់​គ្រប់​គ្រង​ជាន់​ខ្ពស់​វិញ ការ​ផ្លាស់​ប្តូរ​មួយ​គួរ​ឱ្យ​កត់​សម្គាល់ គឺ​ការ​ចូល​និវត្តន៍​របស់​លោក ចាន់ សេរី ដែល​មាន​តួនាទី​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​អភិបាល​កិច្ច ក្រោយ​ពី​លោក​បាន​បម្រើការ​អស់​រយៈ​ពេល​ជាង ២២ឆ្នាំ ជា​មួយ​នឹង​អេស៊ីលីដា ដោយ​ជំនួស​ដោយ​លោក លី ថៃ ជា​នាយក​ប្រតិបត្តិ​ប្រតិបត្តិការ ក្នុង​ខែ​សីហា ឆ្នាំ២០១៦ ។

ក្រុម​ប្រឹក្សា​ភិបាល​បាន​ជួប​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ ចំនួន​បី​ដង ក្នុង​ខែ​មីនា ខែកញ្ញា និង​ខែធ្នូ និង​បាន​ប្រជុំ​មួយ​ដង​ទៀត​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ខែមិថុនា ។ បន្ថែម​ពី​នេះ​ទៀត សេចក្តី​សម្រេច​ចំនួន ១៣ បាន​អនុម័ត​តាម​រយៈ​អ៊ីម៉ែល ។ កិច្ច​ប្រជុំ​នីមួយៗ​មាន​រយៈ​ពេល​មួយ​ថ្ងៃ​កន្លះ រួម​បញ្ចូល​ទាំង​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ​នីមួយៗ ។ មាន​ការ​ផ្លាស់​ប្តូរ​សមាជិក​ក្រុម​ប្រឹក្សាភិបាល​មួយ​ចំនួន​ផង​ដែរ ក្នុង​ឆ្នាំ២០១៦ នេះ ។ កញ្ញា HENG Su Yin មក​ពី​ធនាគារ SMBC បាន​តែង​តាំង​ជា​សមាជិកា​ក្រុម​ប្រឹក្សា​ភិបាល ជំនួស​លោក Tetsuro YOSHINO ដែល​បាន​លា​ឈប់​ពី​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល ដោយ​សារ​តែ​តម្រូវ​ការ​ផ្លាស់​ប្តូរ​ការ​ទទួល​ខុស​ត្រូវ​ប្រចាំ​តំបន់​របស់​លោក ។ ចំណែក​ឯ​លោក Ian S. LYDALL បាន​តែង​តាំង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល របស់​ធនាគារ អេស៊ីលីដា ឡាវ ជំនួស​លោកស្រី គឹម សុធាវី គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​សវនកម្ម​ផ្ទៃ​ក្នុង ។ មាន​សេចក្តី​សម្រេច​ចម្បងៗ​ជា​ច្រើន ក្នុង​ឆ្នាំ២០១៦ ដូចជា ៖ ទី១ អនុម័ត​របាយការណ៍​ហិរញ្ញវត្ថុរួម​បាន​ធ្វើ​សវនកម្ម សម្រាប់​ដំណាច់​ឆ្នាំ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ របស់​ធនាគារ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ព្រម​ទាំង​របាយ​ការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​បាន​ធ្វើ​សវនកម្ម​ឆ្នាំ២០១៦ ។ ទី២ អនុម័ត​ការ​បែង​ចែក​ភាគ​លាភ​សម្រាប់​ឆ្នាំ២០១៥ នៃ​ប្រាក់​ចំណេញ​ក្រោយ​ដក​ពន្ធ និង​ផ្ទេរ​ប្រាក់​ចំណេញ​ក្រោយ​ដក​ពន្ធ​ដែល​នៅ​សល់​ទៅ​ជា​ទុន​បម្រុង​របស់​ធនាគារ ។ ទី៣ អនុម័ត​លើ​របាយការណ៍​ប្រចាំ​ឆ្នាំ២០១៥ របស់​ធនាគារ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ។ ទី៤ អនុម័ត និង​ផ្តល់​អនុសាសន៍​ដល់​ភាគទុនិក​ក្នុង​ការ​ជ្រើស​រើស​សវនករ​ឯករាជ្យ សម្រាប់​ឆ្នាំ២០១៧-២០១៨ របស់​ធនាគារ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ។ ទី៥ អនុម័ត​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ថវិកា​ឆ្នាំ២០១៧ របស់​ធនាគារ ។ ទី៦ ពិនិត្យ​ឡើង​វិញ និង​អនុម័ត​គោល​នយោបាយ​របស់​ក្រុម​ប្រឹក្សា​ភិបាល ។ ទី៧ តែង​​តាំង និង​តែង​តាំង​ឡើង​វិញ​របស់​អភិបាល​នៃ​ក្រុម​ប្រឹក្សា​ភិបាល និង​គណៈ​កម្មាធិការ​នៃ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ។ ទី៨ អនុម័ត​ការ​បន្ថែម​ដើម​ទុន​សម្រាប់​វិនិយោគ​បន្ថែម​ទៀត និង​ថវិកា​សម្រាប់​គម្រោង​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ។ ចុង​ក្រោយ អនុម័ត​ប្រាក់​កម្ចី​ពហុ​ហិរញ្ញប្បទាន​អាទិភាព និង​ឥណទាន​បន្ទាប់​បន្សំ ពី​ម្ចាស់​ជំនួយ​ជាតិ​និង​អន្តរជាតិ ។

ទស្សនវិស័យ

ទិស​ដៅ​យុទ្ធសាស្ត្រ គឺ​ជា​ចំណុច​ដែល​ក្រុម​ប្រឹក្សា​ភិបាល ក៏​ដូចជា​ថ្នាក់​ដឹក​នាំ​តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជានិច្ច ។ ការ​ពង្រីក​ទីផ្សារ​ក្នុង​តំបន់ ការអភិវឌ្ឍ​ផលិតផល​និង​សេវាកម្ម​ថ្មីៗ ការ​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​ឌីជីថល និង​ធនាគារ​អេឡិច​ត្រូនិក គឺ​ជា​យុទ្ធសាស្ត្រ​ចម្បង​បំផុត​របស់​យើង​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​សមាហរន្តកម្ម​អាស៊ាន និង​ដើម្បី​ទទួល​បាន​កំណើន​ប្រាក់​ចំណេញ​ខ្ពស់ ។

យើង​ខ្ញុំ​សូម​អគុណ​ដល់​អតិថិជន ភាគទុនិក ក្រុម​ប្រឹក្សា​ភិបាល គណៈ​កម្មា​ធិការ​ប្រតិបត្តិ ព្រម​ទាំង​បុគ្គលិក​ទាំង​អស់​ដែល​បាន​គាំទ្រ និង​ខិតខំ​ប្រឹង​ប្រែង​អនុវត្ត​តាម​យុទ្ធសាស្ត្រ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏​ដូចជា​សម្រេច​ជោគជ័យ​តាម​គោលដៅ និង​វត្ថុ​បំណង​របស់​ខ្លួន ។ ខ្ញុំ​សូម​សំដែង​នូវ​ការ​ដឹង​គុណ​ដល់​រដ្ឋាភិបាល​នៃ​ព្រះរាណាចក្រ​កម្ពុជា ធនាគារ​ជាតិ​នៃ​កម្ពុជា និយ័តករ ព្រម​ទាំង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដែល​តែង​តែ​ជួយ​គាំទ្រ និង​ប្រឹង​ប្រែង​អភិវឌ្ឍ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​កម្ពុជា ជា​ពិសេស​វិស័យ​ធនាគារ​តែ​ម្តង ។

យើង​ខ្ញុំ​សូម​ធានា​ចំពោះ​អតិថិជន ព្រម​ទាំង​ភាគទុនិក​ទាំង​អស់​ថា​នៅ​ឆ្នាំ២០១៧ នេះ យើង​ខ្ញុំ​នឹង​បន្ត​ពិចារណា​ទៅ​លើ​តំបន់​ទាំង​ឡាយ​ណា​ដែល​ផ្តល់​ឱកាស​ល្អ​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព​របស់​យើង​ខ្ញុំ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ភាព​ជោគ​ជ័យ រីក​ចម្រើន និង​មាន​និរន្តរភាព ព្រម​ទាំង​ដើម្បី​ផ្តល់​នូវ​គោល​ដៅ​យុទ្ធសាស្ត្រ ក្នុង​ការ​បង្កើន​ប្រាក់​ចំណេញ​នា​ពេល​អនាគត ក៏​ដូចជា​ពង្រឹង​ជំហរ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​តំបន់ ។


លោក ឆាយ សឿន
ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២៦៩   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៨៧៦   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៦.៨៦៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប