តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ព័ត៌មាន​ហិរញ្ញវត្ថុ  »  របាយការណ៍​ប្រធាន​នាយក​ប្រតិបត្តិ

របាយការណ៍​ប្រធាន​នាយក​ប្រតិបត្តិ

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

"តម្លៃ​ទំនិញ​បាន​ធ្លាក់​ចុះ ចំណែក​ឯ​ទីផ្សារ​អាជីវកម្ម​លក់​គ្រឿង​សំណង់​បាន​ថយ​ចុះ ធ្វើ​ឱ្យ​តម្រូវ​ការ​សេវា​ឥណទាន​អចលន​ទ្រព្យ​ក៏​បាន​ថយ​ចុះ​ផង​ដែរ​ក្នុង​ឆ្នាំ២០១៦​នេះ ។ ដើម្បី​គាំទ្រ​ដល់​ការ​ផ្លាស់​ប្តូរ​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បន្ថយ​កំណើន​ឥណទាន​ខ្នាត​មធ្យម និង​ឥណទាន​សាជីវកម្ម ដើម្បី​ស្រូប​យក​អតិថិជន​ឥណទាន​ខ្នាត​តូច និង​ក្រោម​មធ្យម ព្រម​ទាំង​បន្ត​ធ្វើ​ពិពិធកម្ម​កំណើន​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​របស់​ខ្លួន ។ ជា​លទ្ធផល ធនាគារ​ទទួល​បាន​ជោគ​ជ័យ​ល្អ​ប្រសើរ​សម្រាប់​ឆ្នាំ២០១៦​នេះ ។ នៅ​ចុង​ឆ្នាំ២០១៦ ធនាគារ​បាន​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេវា​ធនាគារ​ឌីជីថល និង​បាន​បង្កើត​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​គ្រប់​ស្រទាប់​នៅ​ក្នុង​ប្រទេស​អាច​ប្រើ​សេវា​ធនាគារ​បាន ជា​ពិសេស​គឺ​ការ​ទូទាត់​ផ្សេងៗ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​គ្រប់​ពេល​វេលា ។ ឥឡូវ​នេះ​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា​ទាំង​អស់ អាច​ប្រើ​ប្រាស់​គណនី​បញ្ញើ​សំចៃ​របស់​ពួក​គាត់ និង​អាច​គាំទ្រ​ការ​ទូទាត់​ក្នុង​មុខ​ជំនួញ​របស់​ពួក​គាត់​ទូទាំង​ប្រទេស ។"

សមិទ្ធផល​សម្រេច​បាន​ក្នុង​ឆ្នាំ២០១៦

ស្ថានភាព​ប្រកួត​ប្រជែង

ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​ដោយ​មាន​ច្បាប់​បើក​ចំហ​សេរី នាំ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ក្នុង​នោះ​មាន​ស្ថាប័ន​ធនាគារ​ឯកទេស និង​ធនាគារ​ពាណិជ្ជ​ចំនួនជាង ៥០ ព្រម​ទាំង​មាន​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ចេះ​តែ​កើន​ឡើង​ជា​ច្រើន ។ ទោះ​បី​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្នុង​ចំណោម​ធនាគារ​ឯកទេស និង​ធនាគារ​ពាណិជ្ជ​ទាំង​នោះ​ក៏​ដោយ ក៏​ធនាគារ​អេស៊ីលីដា​នៅ​តែ​រក្សា​បាន​នូវ​តំណែង​ជា​ធនាគារ​ឈាន​មុខ​គេ​លើ ទ្រព្យ​សកម្ម ឥណទាន ប្រាក់​បញ្ញើ ប្រាក់​ចំណេញ ក៏​ដូចជា​ចំនួន​សាខា ម៉ាស៊ីន​អេធីអឹម និង​ម៉ាស៊ីន​ឆូតកាត​ទូទាំង​ប្រទេស​កម្ពុជា ។ ហេដ្ឋា​រចនា​សម្ព័ន្ធ​អេឡិច​ត្រូនិក​រួម​បញ្ចូល​គ្នា ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ បម្រើ​សេវា​ជូន​ដល់​អតិថិជន សាធារណជន​នៅ​ក្នុង​សហគមន៍​ពាណិជ្ជកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​ពួក​គាត់​ធ្វើ​ប្រតិបត្តិការ​មុខ​ជំនួញ ដោយ​ពុំ​ចាំ​បាច់​មក​សាខា​របស់​ធនាគារ អេស៊ីលីដា ដែល​មាន​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ ។

ផ្នែក​សំខាន់ៗ​នៃ​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០១៦

  • សមតុល្យ​ឥណទាន​សុទ្ធ​សរុប​មាន​ចំនួន ២.៧៧១ លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ចំនួន ៥៥០ ​លាន​ដុល្លារ​អាមេរិក ស្មើ​នឹង ១៩,៨៣% ត្រូវ​បាន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ក្នុង​ចំណោម​ការ​វិនិយោគ​លើ​វិស័យ​ជា​ច្រើន​ផ្សេងៗ​ទៀត ។ បើ​ប្រៀប​ធៀប​កាល​ពី​ខែធ្នូ ឆ្នាំ២០១៥ ដែល​សមតុល្យ​ឥណទាន​សុទ្ធ​សរុប​ចំនួន ២.៤៥៤ លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​ចំនួន ៥១១ ​លាន​ដុល្លារ​អាមេរិក ស្មើ​នឹង ២០,៨១% ត្រូវ​បាន​វិនិយោគ​លើ​វិស័យ​កសិកម្ម ។
  • ក្នុង​ឆ្នាំ​២០១៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រកាស​នូវ​របាយការណ៍​ប្រាក់​ចំណេញ​ក្រោយ​បង់​ពន្ធ កើន​ឡើង​ខ្ពស់​ស្ទើរ​តែ​ស្មើ​នឹង​ថវិកា​ប្រចាំ​ឆ្នាំ ដែល​លទ្ធផល​នេះ​ទទួល​បាន​ពី​កម្ចី​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ព្រម​ទាំង​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យម​របស់​យើង​ក៏​ដូចជា​កំណើន​លើ​វិស័យ​ប្រាក់​កម្ចី​ពាណិជ្ជកម្ម​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច ។ នៅ​ឆ្នាំ២០១៥ យើង​ខ្ញុំ​មាន​អតិថិជន​ឥណទាន​ខ្នាត​តូច​បំផុត​ចំនួន ២១៣.១៥៨នាក់ ។ នៅ​ចុង​ឆ្នាំ២០១៦ មាន​ចំនួន ២០៨.០៨៩នាក់ ។
  • ធនាគារ អេស៊ីលីដា បន្ត​កាត់​បន្ថយ​ចំណាយ និង​ត្រួត​ពិនិត្យ​ហានិភ័យ​ដើម្បី​ទទួល​បាន​ចំណូល​ខ្ពស់​បំផុត ។ ឥណទាន​មិន​ដំណើរការ​ក្នុង​ឆ្នាំ២០១៦ នៅ​រក្សា​ក្រោម ០,៦៨% ដែល​អនុបាត​ប្រសិទ្ធភាព​ប្រតិបត្តិការ​មាន ៣៦,៣៨% បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ២០១៥ មាន​ចំនួន ៣៨,៩១% ។
  • ធនាគារ អេស៊ីលីដា បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​សេវា​ប័ណ្ណ​អន្តរជាតិ​ថ្មី​មួយ​ទៀត កាល​ពី​ថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ២០១៦ ដែល​ស្រូប​យក​ចំណែក​ទីផ្សារ​របស់​ប័ណ្ណ​អន្តរជាតិ បន្ថែម​ពី​លើ​ប័ណ្ណ​ឥណទាន​អន្តរជាតិ​របស់​ធនាគារ​ដែល​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៣ ។
  • ធនាគារ អេស៊ីលីដា បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធនាគារ​អេឡិច​ត្រូនិក​រួម​បញ្ចូល​គ្នា ដើម្បី​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាំង​ពិភព​លោក​យ៉ាង​ងាយ​ស្រួល និង​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ។
  • បាន​ពង្រីក​បណ្តាញ​ម៉ាស៊ីន​ឆូត​កាត​ដោយ​គ្មាន​ខ្សែ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​ជូន​ដល់​អតិថិជន ។
  • បម្រើ​សេវាកម្ម​ជា​មួយ​វិស័យ​សាធារណៈ និង​ឯកជន តាម​រយៈ​ការ​ផ្តល់​សេវា​បើក​ប្រាក់​របប​សន្តិសុខ​សង្គម ដោយ​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​អតិថិជន និង​អាច​បង្កើន​ទុន​បម្រុង​រូបិយវត្ថុ​ក្នុង​ស្រុក ។
  • សេវា​បើក​ប្រាក់​បៀវត្សរ៍​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​អតិថិជន​ជា​មន្ត្រី​រាជការ និង​ក្រុមហ៊ុន​ថ្មីៗ​ជា​ច្រើន និង​ទទួល​បាន​ឱកាស​ផ្តល់​សេវា​ផ្សេងៗ​ជា​ច្រើន​ទៀត​ដល់​បុគ្គលិក​របស់​ក្រុមហ៊ុន​ទាំង​នោះ ។

សេវា​ឥណទាន និង​សេវា​បញ្ញើ-សន្សំ

ឥណទាន​ខ្នាត​តូច​បំផុត​បាន​កើន​ឡើង ៧,៩៧% ឥណទាន​ខ្នាត​តូច​កើន​ឡើង ១៣,៦៥% និង​ឥណទាន​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​កើន​ឡើង ១៤% ។ ឥណទាន​គេហដ្ឋាន​មាន​ចំនួន ៧,៦៣% នៃ​ទំហំ​ឥណទាន​សរុប ។

ប្រាក់​បញ្ញើ-សន្សំ​បាន​កើន​ឡើង ១៦,៦៤% រហូត​ដល់ ៣.០៥១,៦៨ ​លាន​ដុល្លារ​អាមេរិក ដែល​ភាគ​ច្រើន​បាន​មក​ពី​អតិថិជន​ខ្នាត​តូច​ដាក់​ប្រាក់​បញ្ញើ​ដំបូង ដូចជា​កម្មករ​និយោជិត​តាម​រយៈ​សេវា​បើក​ប្រាក់​បៀវត្សរ៍ និង​អតិថិជន​នៅ​តាម​ជនបទ ដែល​យើង​បាន​បើក​ការិយាល័យ​ប្រតិបត្តិការ​ថ្មីៗ ព្រម​ទាំង​ការ​ពង្រីក​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ដៃ និង​សេវា​ធនាគារ​តាម​រយៈ​អ៊ីនធើណែត ។ គួរ​កត់​សម្គាល់​ផង​ដែរ​ថា សមតុល្យ​ប្រាក់​បញ្ញើ​ទាំង​នោះ​អាច​គ្រប​ដណ្តប់​លើ​សមតុល្យ​ឥណទាន ដែល​មាន​ចំនួន​ជាង ២.៧៧១ ​លាន​ដុល្លារ​អាមេរិក ។

ចំណុច​សំខាន់​ដែល​ធ្វើ​ឱ្យ​មាន​កំណើន​ប្រាក់​បញ្ញើ ដោយ​សារ​ការ​បន្ត​អភិវឌ្ឍ និង​ពង្រីក​ប្រព័ន្ធ​បច្ចេក​វិជ្ជា​របស់​យើង ដែល​នៅ​ដំណាច់​ឆ្នាំ​២០១៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ​អេធីអឹម​ចំនួន ៣០០គ្រឿង និង​ម៉ាស៊ីន​ឆូតកាត​ចំនួន ៣.១៣៧គ្រឿង​ទូទាំង​ប្រទេស ដោយ​បាន​បញ្ចេញ​ឱ្យ​ប្រើ​ប្រាស់​ប័ណ្ណ ចំនួន ៧៧៩.៨៩៤ ប័ណ្ណ ។

ឥណទាន​ខ្នាត​មធ្យម និងសាជីវកម្ម

នៅ​ឆ្នាំ​២០១៦ ចំនួន​នៃ​ប្រាក់​កម្ចី​ក្នុង​វិស័យ​នេះ​បាន​កើន​ឡើង ១៤,៧៥% ខណៈ​ពេល​ដែល​ចំនួន​នៃ​អតិថិជន​សហ​គ្រាស​ខ្នាត​មធ្យម បាន​កើន​ឡើង ១៥,៥០% ។ លទ្ធផល​ទទួល​បាន​ជោគជ័យ​នេះ ដោយ​សារ​ប្រជា​ប្រិយភាព​នៃ​សេវា​ឥណទាន​វិបារូបរ៍ និង​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​របស់​យើង​ខ្ញុំ ។

សេវា​គ្រប់​គ្រង​សាច់​ប្រាក់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង តាម​រយៈ​ការ​រៀប​ចំ​របស់​យើង​ជា​មួយ​នឹង​ទីភ្នាក់​ងារ​រដ្ឋាភិបាល បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល បេឡា​ជាតិ​អតីត​យុទ្ធជន សេវា​បើក​ប្រាក់​បៀវត្សរ៍​សម្រាប់​មន្ត្រី​រដ្ឋាភិបាល និង​សេវា​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ ។ ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​មូលនិធិ​របស់​បេឡាជាតិ​សន្តិសុខ​សង្គម ធនាគារ អេស៊ីលីដា ជា​អ្នក​គ្រប់​គ្រង​ទទួល​រាល់​ប្រាក់​វិភាគ​ទាន​របស់​រដ្ឋាភិបាល និង​និយោជក ទាំង​២៥​រាជ​ធានី-ខេត្ត ។ លើស​ពី​នេះ​ទៀត​គណនី​ថ្មីៗ​ជា​ច្រើន ត្រូវ​បាន​បើក​ចាប់​ពី​ឆ្នាំ​២០១៤​មក ដោយ​សារ​ការ​បន្ថែម​ម៉ាស៊ីន​អេធីអឹម និង​ការ​ទូទាត់​វិក្កយបត្រ​តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី សម្រាប់​ក្រុមហ៊ុន​ឯកជន និង​បម្រើ​សេវា​សាធារណៈ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​បន្ថែម​ទៀត ព្រម​ទាំង​សេវា​អេស៊ីលីដា​អ៊ីធើណែត​ផង​ដែរ ។ ការ​ទទួល​ទូទាត់​វិក្កយបត្រ​របស់​រតនាគារ​ជាតិ ដែល​ដើម​ឡើយ​គ្រប​ដណ្តប់​តែ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ឥឡូវ​បាន​ពង្រីក​នៅ​ទូទាំង​ប្រទេស ។ ទាំង​នេះ​នាំ​ឱ្យ​មាន​លទ្ធផល​វិជ្ជមាន ទៅ​លើ​លំហូរ​សាច់​ប្រាក់​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក​របស់​យើង និង​អាច​ឱ្យ​យើង​ផ្តល់​ឥណទាន​ជា​ប្រាក់​រៀល​របស់​យើង​ទាំង​ស្រុង​ពី​ប្រាក់​បញ្ញើ ។ តម្រូវ​ការ​ប្រើ​ប្រាស់​សេវា​បើក​ប្រាក់​បៀវត្សរ៍​កើន​ឡើង​ខ្លាំង នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ​ដោយ​មាន​ស្ថាប័ន​រដ្ឋាភិបាល និង​មន្ត្រី​រាជការ ព្រម​ទាំង​ក្រុមហ៊ុន​ក្រៅ​ប្រទេស​និង​ក្នុង​ប្រទេស​ធំៗ និង​ស្ថាប័ន​នានា​បាន​ចូល​រួម​ប្រើ​ប្រាស់ ដែល​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​លក់​ផលិតផល​ផ្សេងៗ​ទៀត ។

កិច្ច​ព្រម​ព្រៀង​ចែក​ចាយ​សេវា​ធានា​រ៉ាប់​រង​អាយុ​ជីវិត​របស់​យើង ជា​មួយ​ក្រុមហ៊ុន​ព្រូដិនសល បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​ការ​ផ្តល់​មូល​និធិ​រយៈ​ពេល​វែង​របស់​យើង និង​គម្រោង​ការ​ខ្លួន​ឯង​បាន​ផ្តល់​នូវ​ប្រភព​ដ៏​មាន​សារប្រយោជន៍​នៃ​ប្រាក់​ចំណូល​តារាង​តុល្យការ ។

សេវា​ហិរញ្ញប្បទាន​ពាណិជ្ជ​កម្ម បាន​កើន​ឡើង​យ៉ាង​ខ្លាំង​មិន​តែ​ប៉ុណ្ណោះ​នា​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​ពាន​រង្វាន់​ជា​ធនាគារ​ឈាន​មុខ​គេ នៅ​ក្នុង​ប្រទេស​កម្ពុជា លើ​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ។

រតនាភិបាល និង​អន្តរជាតិ

ចំណូល​ពី​សេវា​ប្តូរ​ប្រាក់​បន្ត​កើន​ឡើង និង​ចូល​រួម​បង្កើន​ចំណូល​លើ​កម្រៃ​ជើង​សារ និង​ចំណូល​សុទ្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ដោយ​សារ​សេវា​ប្តូរ​ប្រាក់​របស់​យើង​គឺ​សម្រាប់​តែ​គាំទ្រ​ដល់​អាជីវកម្ម​របស់​អតិថិជន​ប៉ុណ្ណោះ ធនាគារ​មិន​បាន​ធ្វើ​អាជីវកម្ម​ក្នុង​គោល​បំណង​បង្កើន​ប្រាក់​ចំណូល​ទេ ប៉ុន្តែ​ក្នុង​គោល​បំណង​ចាត់​ចែង​ស្ថានភាព​រូបិយប័ណ្ណ​ចំហ​របស់​ធនាគារ ដែល​ជា​ប្រភព​ចំណូល​មាន​ហានិភ័យ​ទាប និង​មាន​ស្ថិរភាព ហើយ​មាន​កំណើន​ជា​លំដាប់ បង្កើត​ប្រាក់​ចំណូល​ល្អ​ប្រសើរ និង​រក្សា​ទំនាក់​ទំនង​យូរ​អង្វែង​ជា​មួយ​អតិថិជន និង​អាជីវករ​ប្តូរ​ប្រាក់ ។

តារាង​តុល្យការ​របស់​ធនាគារ​កាន់​តែ​រឹង​មាំ​ថែម​ទៀត តាម​រយៈ​កំណើន​អតិថិជន​បញ្ញើ-សន្សំ​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​អនុបាត​ឥណទាន​ធៀប​នឹង​ប្រាក់​បញ្ញើ​មាន​ភាព​ល្អ​ប្រសើរ និង​ជួយ​ទ្រទ្រង់​ដល់​ការ​រីក​ចម្រើន​នៅ​លើ​ទីផ្សារ ។

យើង​នៅ​តែ​បន្ត​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ច្រើន និង​បាន​បន្ថែម​ធនាគារ​ដៃគូ​ក្រៅ​ប្រទេស​ថ្មីៗ​ជា​ច្រើន​ថែម​ទៀត ដើម្បី​បង្កើន​បណ្តាញ​ប្រតិបត្តិការ​របស់​យើង ។ នា​ដំណាច់​ឆ្នាំ​២០១៦ យើង​មាន​ធនាគារ​ដៃគូ​ចំនួន ៤០១ នៅ​ក្នុង ៥៤​ប្រទេស ។ បន្ថែម​ពី​នេះ​ទៀត យើង​មាន​ចំណែក​ទីផ្សារ​លើស​លុប​សម្រាប់​គណនី​របស់​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ស្រុក ព្រម​ទាំង​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ដល់​អតិថិជន​ទូទាំង​ប្រទេស ។

យុទ្ធសាស្ត្រ​អាទិភាព​សម្រាប់​ឆ្នាំ២០១៧

  1. រក្សា​មូលដ្ឋាន​ដើម​ទុន​រឹង​មាំ​ដោយ​មាន​ដើម​ទុន​បម្រុង​គ្រប់​គ្រាន់​លើស​ពី​បញ្ញត្តិ​តម្រូវ ។
  2. ខិតខំ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍ "វប្បធម៌​បម្រើ​សេវា" របស់​យើង​ឱ្យ​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស​ដល់​អតិថិជន និង​បង្កើន​សេវាកម្ម​របស់​យើង​ក្នុង​ពេល​ដែល​ទីផ្សារ​ពង្រីក​កាន់​តែ​ធំ ។
  3. បំពេញ​តាម​តម្រូវការ​អតិថិជន ដោយ​ផ្តល់​ជូន​នូវ​នវានុវត្តន៍​ហិរញ្ញវត្ថុ​យ៉ាង​សំបូរ​បែប ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​ពួក​គាត់​ឈាន​ឡើង​ជា​លំដាប់ ។
  4. បង្កើន​ជម្រើស​ដៃគូ​ដែល​មាន​ជំនាញ/ឯកទេស​ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​រួម​ទៅ​ដល់​អតិថិជន​ធំៗ ។
  5. ផ្តោត​លើ​ការ​ពង្រីក​គុណភាព​សេវា​បន្ថែម ដើម្បី​ឱ្យ​មាន​ចំណូល​ចម្រុះ​និង​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ដើមទុន ដែល​រួម​បញ្ចូល​ទាំង​កម្រៃ​បាន​ពី​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​រដ្ឋាភិបាល ។
  6. បន្ត​វិនិយោគ​យ៉ាង​ខ្លាំង​លើ​ការ​ស្រាវ​ជ្រាវ និង​ការអភិវឌ្ឍ ដើម្បី​រក្សា​នូវ​ភាព​ឈាន​មុខ​គេ​នៃ​ផលិតផល​និង​សេវាកម្ម​ស្នូល​របស់​យើង ។
  7. វិនិយោគ​ទៅ​លើ​ប្រព័ន្ធ​ពហុ​បណ្តាញ ។
  8. រៀបចំ​យុទ្ធសាស្ត្រ និង​ចាប់​ដៃគូ​ជា​មួយ​នឹង​ស្ថាប័ន​ធំៗ​និង​ល្បី​ឈ្មោះ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ក្នុង​តំបន់​សក្តានុពល ដើម្បី​អភិវឌ្ឍ​និង​ពង្រីក​សេវាកម្ម​របស់​ធនាគារ ។
  9. បន្ត​អភិវឌ្ឍ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ដើម្បី​ឱ្យ​មាន​ជំហរ​រឹង​មាំ​ប្រកប​ដោយ​លក្ខណ​សម្បត្តិ​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​ទាំង​អស់ ដែល​ពួក​គេ​កំពុង​ធ្វើ​ប្រតិបត្តិការ ព្រម​ទាំង​ស្រាវ​ជ្រាវ និង​បង្កើត​កាលានុវត្តភាព​ដើម្បី​ពង្រីក​អាជីវកម្ម​នៅ​ក្នុង​តំបន់​បន្ថែម​ទៀត នៅ​ពេល​ដែល​ឱកាស​ផ្តល់​ឱ្យ ។
  10. បង្កើត​តួនាទី​ឈាន​មុខ​គេ​លើ​សេវា​ទូទាត់​និង​ផាត់​ទាត់ ដើម្បី​ពង្រីក​ទីផ្សារ​មូលធន ។
  11. បង្កើត និង​អភិវឌ្ឍ​សេវា​ពហុ​ហិរញ្ញប្បទាន និង​សេវា​ហិរញ្ញប្បទាន​គម្រោង សម្រាប់​ផ្តល់​ជូន​អតិថិជន​ធំៗ ព្រម​ទាំង​សហការ​ជា​មួយ​ស្ថាប័ន​ដែល​មាន​សក្តានុពល ដៃ​គូ​ឯកទេស​/ជំនាញ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ផលិតផល​សម្រាប់​បម្រើ​ជូន​ដល់​អតិថិជន ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ។
  12. អភិវឌ្ឍ​សេវា​ធនាគារ​អេឡិច​ត្រូនិក​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​ហិរញ្ញវត្ថុ (FinTech) និង​ស្វ័យ​ប្រតិបត្តិការ (Branchless) ដោយ​មាន​គោលដៅ ដើម្បី​ពង្រីក​បណ្តាញ​ប្រតិបត្តិការ បង្កើន​ប្រសិទ្ធភាព​ប្រាក់​ចំណូល បង្កើន​កាលានុវត្តភាព​នៃ​ការ​លក់​ផលិតផល​ជា​កញ្ចប់ បម្រើ​អតិថិជន​គោល​ប្រកប​ដោយ​ភាព​ងាយស្រួល និង​មាន​ឧត្តមភាព​ក្នុង​ការ​ប្រកួត​​ប្រជែង ។
  13. អភិវឌ្ឍ​សេវា​ឌីជីថល​ប៊ែង (Digital Banking-Mobile App) ធ្វើ​ឲ្យ​មាន​ប្រតិបត្តិការ​ជា​សកល តាម​រយៈ ប្រព័ន្ធ Biometric និង​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​អតិថិជន រួមផ្សំ​ជាមួយ​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មីៗ ដោយ​មាន​គោលដៅ​លើក​ស្ទួយ និង​គាំទ្រ​សេវា​ស្វ័យ​ប្រតិបត្តិការ (Self-service) ប្រើប្រាស់​នូវ​បច្ចេក​វិជ្ជា​ទំនើប ប្រសិទ្ធភាព​ចំណាយ ពង្រីក​ធុរកិច្ច​ជា​សកល និង​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ បង្កើន​ចំណូល បង្កើន​កាលានុវត្តភាព​នៃ​ការ​លក់​ផលិតផល​ជា​កញ្ចប់ បម្រើ​អតិថិជន​ដោយ​ភាព​ងាយស្រួល មាន​ឧត្តមភាព​ក្នុង​ការ​ប្រកួត​ប្រជែង ។

បញ្ហា​ចម្បង​ក្នុង​ឆ្នាំ២០១៧

ការ​ផ្លាស់​ប្តូរ​បញ្ញត្តិ​ពី​ការ​មិន​កំណត់​អត្រា​ការ​ប្រាក់​កម្ចី​ខ្នាត​តូច​បំផុត មក​កំណត់​នៅ​ត្រឹម ១៨% ក្នុង​មួយ​ឆ្នាំ ។ សេចក្តី​សម្រេច​នេះ​នឹង​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រាក់​ចំណូល​សម្រាប់​ឆ្នាំ២០១៧ ដែល​តម្រូវ​ឱ្យ​ធនាគារ​បង្កើន​ការ​ផ្តល់​ឥណទាន​សម្រាប់​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យម​បន្ថែម​ទៀត ។

ជា​ចុង​បញ្ចប់ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អតិថិជន​ដ៏​វៃ​ឆ្លាត ក្រុម​ប្រឹក្សា​ភិបាល ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក ក្រុម​ប្រឹក្សា​យោបល់ព្រម​ទាំង​រាជ​រដ្ឋា​ភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​បាន​គាំទ្រ​ដល់​ធនាគារ​អេស៊ីលីដា ។ យើង​ខ្ញុំ​សូម​ជូន​ពរ​ដល់​លោក​អ្នក និង​ក្រុម​គ្រួសារ ទទួល​បាន​នូវ​សេចក្ដី​សុខកាយ សប្បាយ​ចិត្ដ ចម្រើន​ដោយ​ប្រយោជន៍ ជោគជ័យ​ក្នុង​នាទី​ការងារ​និង​មុខ​ជំនួញ ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ដ៏​ឧត្ដុង្គ​ឧត្ដម​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។


បណ្ឌិត អ៊ិន ចាន់នី
ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃ​ទី១ ខែកុម្ភៈ ឆ្នាំ២០១៧

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៤៦   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៣.៧៤០   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៣៩១
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប