តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ព័ត៌មាន​អំពី​ធនាគារ  »  របាយការណ៍​ស្តីពី​និរន្តរភាព​បរិស្ថាន និង​សង្គម

របាយការណ៍​ស្តីពី​និរន្តរភាព​បរិស្ថាន និង​សង្គម

បេសកកម្មស្តី​ពី​និរន្តរភាព​បរិស្ថាន និង​សង្គម

ទន្ទឹម​នឹង​ការខិតខំប្រឹងប្រែង​ ព្យាយាមឱ្យទទួលបាន​នូវ​និរន្តរភាពខ្ពស់​នៃ​ប្រាក់ចំណេញ ធនាគារ ​អេស៊ីលីដា ​ក៏​គោរព​ផង​ដែរ​ចំពោះ​បរិស្ថាន និង​សហគមន៍​ដែល​យើង​រស់​នៅ ដោយអនុវត្ត​តាម​ទស្សនៈ​គ្រឹះ​សំខាន់​ទាំងបី "មនុស្ស ផែនដី និង​ប្រាក់​ចំណេញ" ហើយ​ធ្វើ​ការ​កំណត់​ជានិច្ចនូវ​សូចនាករ​សម្រាប់​វាស់វែង និង​រាយការណ៍​អំពី​សកម្មភាព និង​ផល​ប៉ះ​ពាល់​ទៅ​លើ​សង្គម​និង​បរិស្ថាន ព្រម​ទាំង​ដើម្បី​អនុវត្ត​នូវ​រចនា​សម្ព័ន្ធ​របាយការណ៍ ដោយ​ផ្អែក​ជា​ចម្បង​ទៅ​លើ​ការ​ណែនាំ​ក្នុង​គំនិត​ផ្តួចផ្តើមនៃ​របាយការណ៍​ពិភពលោក (GRI) ។

សមាសធាតុ​សំខាន់ៗ​នៃ​បេសកកម្ម​របស់​​ ធនាគារ ​អេស៊ីលីដា ទាក់​ទង​នឹង​និរន្តរភាព​បរិស្ថាន និង​សង្គម ៖

  1. ផ្តល់​ជា​ក្របខណ្ឌ​សំខាន់​​នៅ​ក្នុង​គោលការណ៍​ណែនាំ​ ដែល​ក្នុង​នោះ ​ធនាគារ ​អេស៊ីលីដា អាច​អនុវត្ត​តាម​វិធី​មួយ​ដែល​យើង​អាច​គ្រប់គ្រង​រាល់​ប្រតិបត្តិការ​ដែល​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន សង្គម និង​សហគមន៍ ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ។
  2. បន្ត​ការ​បំពាក់​ប្រព័ន្ធ​ប្រើប្រាស់​ថាមពល​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​អគារ​​ការិយាល័យ ហើយ​គ្រប់គ្រង​លើការប្រើប្រាស់​ថាមពលឱ្យ​​បាន​ហ្មត់ចត់ នៅគ្រប់​ទី​កន្លែង​ដែល​យើង​មាន​ប្រតិបត្តិការ ។
  3. អនុលោម​ទៅ​តាម​ច្បាប់​សង្គម​ដែល​យើង​រស់​នៅ និង​ធ្វើ​ការ​យ៉ាងសកម្ម ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ដ៏​ស្និទ្ធស្នាល ដែល​មិន​មែន​តែ​ចំពោះ​ភាគទុនិក កម្មករ​​និយោជិត អតិថិជន និង​ដៃ​គូអាជីវកម្ម​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​គោរព​ចំពោះ​ឯកត្តបុគ្គល ​នៅ​ក្នុង​សហគមន៍​របស់​យើង​ទៀត​ផង ។
  4. ​ទទួល​ស្គាល់​ថា ការគាំទ្រ​ចំពោះ​សហគមន៍​​មិន​មែន​គ្រាន់​តែ​ជា​សីលធម៌​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើឱ្យ​អាជីវកម្ម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ ពោល​គឺ​មាន​ភាព​រឹង​មាំ និង​ភាពរុងរឿង គឺ​ត្រូវ​បំពេញឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

បរិស្ថាន

ធនាគារ​អេស៊ីលីដា បាន​ចូលរួមអនុវត្ត​យ៉ាង​ពេញ​លេញ ​ស្របតាម​សន្ធិសញ្ញា​អន្តរជាតិ ដែល​ហាម​ឃាត់​លើ​ការ​ផ្តល់​ឥណទាន ឬគាំទ្រ​ចំពោះ​សកម្មភាព​ផ្សេងៗ ដែល​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន ទាំង​សកម្មភាព​ដែល​ប្រាស​ចាក​ពី​សីលធម៌ ឬសកម្មភាព​ដែល​ធ្វើឱ្យ​មាន​ការអន្តរាយ​ចំពោះ​សិទ្ធិ​មនុស្ស ។ ដោយ​ឡែក ធនាគារ​បាន​ដាក់​នូវ​គោលនយោបាយ​មួយ​ចំនួន ដែល​ហាម​ដាច់​ខាត​រាល់​សកម្មភាព ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បង្ខិត​បង្ខំ ឬ​ការ​រំលោភ​បំពាន​លើ​កំលាំង​ពលកម្ម​កុមារ ការ​ធ្វើ​ពាណិជ្ជកម្ម​ខាង​សព្វាវុធនិង​រំសេវ ល្បែង​ស៊ី​សង បន​ល្បែង ផ្ទះ​បន ការ​ជួញ​ដូរ​ឬ​ផលិតផល​សត្វ​ព្រៃ (អនុសញ្ញា​ស្តីពី​ការជួញដូរ​ជាអន្តរជាតិ​លើ​ព្រៃឈើ និង​សត្វព្រៃ​ដែល​ជិត​ផុតពូជ) ដែល​​ច្បាប់​បាន​បញ្ញត្តិ ព្រម​ទាំង​ការ​ផលិត ឬ​ការធ្វើ​ពាណិជ្ជកម្ម​លើ​វត្ថុ​ធាតុ​ដើម​ដែល​មាន​ជាតិ​វិទ្យុ​សកម្ម ឬ​​ជាតិ​គីមី​ ដែល​មាន​គ្រោះ​ថ្នាក់​ក្នុង​កម្រិត​ខ្ពស់ ។ ដំណើរការ​គ្រប់គ្រង​យ៉ាងតឹងរ៉ឹង កំពុង​ត្រូវបានអនុវត្ត ដែល​តម្រូវឱ្យ​អតិថិជន​ទាក់ទង​មក​កាន់​បុគ្គលិក​ដើម្បី​បញ្ជាក់ថា អាជីវកម្មរបស់ពួកគាត់ ​អនុលោម​ទៅតាម​គោលការណ៍​ទាំងនេះ ។

ធនាគារ ​អេស៊ីលីដា បាន​តែងតាំង​មន្ត្រីទទួល​បន្ទុក​ផ្នែក​បរិស្ថាន​ចំនួន ៥​រូប ដែល​ទទួល​ខុស​ត្រូវ​ទាំងស្រុង​លើ​ការងារ​ហ្វឹកហ្វឺន និង​វគ្គ​បំពាក់បំប៉ន ដើម្បី​សម្រប​សម្រួល​សកម្មភាព​បរិស្ថាន និង​ត្រួត​ពិនិត្យ​លើ​ប្រតិបត្តិការ​របស់​ធនាគារ​អេស៊ីលីដា ។

លើស​ពី​នេះ​ទៀត ធនាគារ អេស៊ីលីដា គាំទ្រ​ថាមពល​កើត​ឡើង​វិញ ដោយ​ផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិជន​ទាក់​ទង​នឹង​ថាមពល​ជីវឧស្ម័ន និង​ថាមពល​ពន្លឺ​ព្រះអាទិត្យ ។

សូចនាករ​លើ​ការអនុវត្ត​ផ្នែក​បរិស្ថាន

ក្នុង​គោលបំណង​បង្កើត​ខ្សែ​មូលដ្ឋាន​សម្រាប់​វាស់​វែង កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ការ​ប៉ះ​ពាល់​បរិស្ថាន នៅ​ក្នុង​ឆ្នាំ​២០០៥ យើង​បាន​បង្កើត​ប្រព័ន្ធ​ឃ្លាំ​មើល ចំពោះ​ការ​ប្រើ​ប្រាស់​ធនធាន ។ លទ្ធផល​ត្រូវ​បាន​បង្ហាញ​ជា​ចំណុច​ចម្បង​តាម​លំដាប់​លំដោយ​ដូច​ខាង​ក្រោម ដើម្បី​ប្រើប្រាស់​ជា​គំរូ​សម្រាប់​អនុវត្ត​នា​ពេល​អនាគត ។

ការ​ប្រើ​ប្រាស់​ក្រដាស

នៅ​ក្នុង​ឆ្នាំ​២០១៧ ការ​ប្រើប្រាស់​ក្រដាស​បាន​ថយចុះ ២,១៦% សម្រាប់​កម្មករ​និយោជិត​ម្នាក់ៗ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ដោយ​សារ​ធនាគារ​ជំរុញ​ឱ្យ​បុគ្គលិក​ប្រើ​ប្រាស់​ប្រព័​ន្ធអេ​ឡិច​ត្រូនិក​សម្រាប់​ផ្ទុក​ឯកសារ​និង​ព័ត៌មាន​ផ្សេងៗ និង​បច្ចុប្បន្ន​ធនាគារ​កំពុង​ប្រើ​ប្រាស់​កម្ម​វិធី AutoOffice ដែល​បាន​បង្កើត​ឡើង​ដោយ​ធនាគារ​អេស៊ីលីដា និង​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​កាល​ពី​ចុង​ឆ្នាំ​២០១៤ សម្រាប់​ឱ្យ​បុគ្គលិក​ប្រើ​ក្នុងការ​ទទួល/​ផ្ញើ​ព័ត៌មាន​ផ្ទៃក្នុង និង​ដាក់​សំណើ​សុំ​ផ្សេងៗ​ដូចជា ស្នើ​សុំ​សម្ភារ​ប្រើ​ប្រាស់​ការិយាល័យ ប្រវត្តិ​រូប​បុគ្គលិក ទូទាត់​ថ្លៃ​ជំងឺ ។ល។

សំណល់​​ក្រដាស​​បាន​កើន ១១,៩៨% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០១៦ ។

  ២០១៧ ២០១៦ ២០១៥ ២០១៤ ២០១៣
សម្ភារ
ក្រដាស ប្រើ​គិត​ជា​គីឡូក្រាម /FTE ១០,៤២ ១០,៦៥ ១១,៤៥ ១៣,១៦ ១៥,១៨
សំណល់
សំណល់​ក្រដាស គិតជា​គីឡូក្រាម /FTE ២,១៥ ១,៩២ ១,៨០ ១,៥២ ១,៤២

ការ​ប្រើប្រាស់​ថាមពល

ការ​ប្រើ​ប្រាស់​អគិ្គសនី​សម្រាប់​បុគ្គលិក​ម្នាក់ៗ បានកើនឡើង​បន្តិច​គឺ ០,៨% ក្នុង​ឆ្នាំ​២០១៧ បើ​ប្រៀប​ធៀប​ឆ្នាំ​២០១៦ ដោយ​សារ​សាខា​ស្តង់ដារ​របស់​ធនាគារ​ជា​ច្រើន​បាន​បំពាក់​ឧបករណ៍​អគ្គិសនី និង​ម៉ាស៊ីន​ត្រជាក់ ព្រម​ទាំង​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​ជំនួស​ឱ្យ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ភ្លើង ។

ការ​ប្រើ​ប្រាស់​ប្រេង​សាំង​សម្រាប់​បុគ្គលិក​ម្នាក់ៗ បាន​ថយ​ចុះ​ចំនួន ០,៨% ប្រេង​ម៉ាស៊ូត​ថយ​ចុះ​ចំនួន ៥,១៥% និង​ប្រេង​ម៉ាស៊ីន​ថយ​ចុះ​ចំនួន ២៧,៤៣% បើ​​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦ ។

ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ ការ​រីក​ចម្រើន​របស់ធនាគារ​ទាំង​មូល បាន​ធ្វើ​ឱ្យ​ការ​បញ្ចេញ​ចោល​នូវ​ឧស្ម័ន​កាបូនិក​មាន​កំណើន​យ៉ាង​ប្រាកដ ។

  ២០១៧ ២០១៦ ២០១៥ ២០១៤ ២០១៣
ថាមពល
ចរន្ត​អគ្គិសនី ប្រើ​គិត​ជា​គីឡូវ៉ាត់​ម៉ោង /FTE ១.៦៧៣,៤៦ ១.៦៦០,១៩ ១.៣៩០,៥១ ១.២៣០,៨០ ១.២៣០,៣៣
ប្រេងសាំង ប្រើ​គិត​ជា​លីត្រ /FTE ៣៩,៧៦ ៤០,០៨ ៤០,៨៧ ៤១,៣០ ៤៧,១៧
ប្រេងម៉ាស៊ូត ប្រើ​គិត​ជា​លីត្រ /FTE ៤៩,០៤ ៥១,៧០ ៤៩,១១ ៥៣,៨៩ ៥៩,៦៩
ប្រេង​ម៉ាស៊ីន ប្រើ​គិត​ជា​លីត្រ /FTE ១,២៧ ១,៧៥ ១,៣១ ១,៥៥ ១,៧៩
ការ​បញ្ចេញ​ចោល​នូវ​ឧស្ម័ន​កាបូនិក (សមមូល គិត​ជា​ពាន់​គីឡូក្រាម) *
ចរន្ត​អគ្គិសនី ១១.៤៣០ ១១.១៣៨ ៨.៩២៩ ៧.០៥០ ៥.៨៧០
ប្រេងសាំង ១.១៧៦ ១.១៦៥ ១.១៣៧ ១.០២៥ ៩៧៨
ប្រេងម៉ាស៊ូត ១.៦៧២ ១.៧៣២ ១.៥៧៤ ១.៥៤១ ១.៤២២

ការ​ប្រើ​ប្រាស់​ទឹក

ការ​ប្រើ​ប្រាស់​ទឹក​បាន​ថយ​ចុះ​បន្តិច​បន្តួច គឺ ១,៦៧% ក្នុង​ឆ្នាំ២០១៧ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០១៦ ។

  ២០១៧ ២០១៦ ២០១៥ ២០១៤ ២០១៣
ទឹក
ទឹក ប្រើ​គិត​ជា​ម៉ែត្រ​គូប /FTE ១៥,៨៧ ១៦,១៤ ១៥,៨៤ ១៩,១៦ ៣០,៣២

ការ​ធ្វើ​ដំណើរ

នៅ​ក្នុង​ឆ្នាំ២០១៧ ចម្ងាយ​ផ្លូវ​សរុប​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត កើន​ឡើង ២៨,៤៩% និង​ទោចក្រ​យាន​យន្ត បាន​កើន​ឡើង​ចំនួន ៦,៤១% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦ ដោយ​សារ​ធនាគារ​បាន​បង្កើន​ការ​ចុះ​ផ្សព្វ​ផ្សាយ​នា​ថ្ងៃ​សៅរ៍​បន្ថែម​ទៀត​ពី សេវា​​អេស៊ីលីដា​​យូនីធី​​ទាន់​​ចិត្ត គឺ​​ជា​​សេវា​​ហិរញ្ញវត្ថុ​​មួយ​​ប្រភេទ​​ដែល​​អនុញ្ញាត​​ឲ្យ​​អតិថិជន និង​​សាធារណ​ជន​​ទូទៅ អាច​​ធ្វើ​​ប្រតិបត្តិការ​​សេវា​​ធនាគារ តាម​​រយៈ​​ទូរស័ព្ទ​​ចល័ត ។

  ២០១៧ ២០១៦ ២០១៥ ២០១៤ ២០១៣
ការ​ធ្វើ​ដំណើរ
ដោយ​រថយន្ត គិតជា​គីឡូម៉ែត្រ /FTE ២៩៥,៩៨ ២៣០,៣៥ ២២៣,៩៦ ៣៤៣,៤០ ៣១៥,៥៤
ដោយ​ទោចក្រយានយន្ត គិតជា​គីឡូម៉ែត្រ /FTE ១.៩៤១,៨៦ ១.៨២៤,៨៩ ១.៧៩១,៨៧ ២.២១៦,៨៤ ២.៤២៦,៦៣

និរន្តរភាព​សង្គម

វប្បធម៌​ការងារ​រួម​របស់​ធនាគារអេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គោរព​តាម​សង្គម ដែល​ធនាគារ​ធ្វើ​ប្រតិបត្តិការ រួម​ទាំង​ទស្សន​វិស័យ​លើ​អ្នក​​ចូល​រួម​ជា​មួយ​យើង​​ទាំង​អស់ ដែល​ក្នុង​នោះ​មិន​មែន​ផ្តោត​តែ​ទៅ​លើ​ភាគទុនិក បុគ្គលិក អតិថិជន និង​ដៃ​គូ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែផ្តោតលើ​សហគមន៍​ទាំង​មូល​ ។ បន្ថែម​ពី​លើនេះទៀត​កម្មវិធី​បរិស្ថាន​ដូច​ដែល​បាន​បង្ហាញ​ខាង​លើ ធនាគារ​បាន​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​មួយ គឺ​គោលការណ៍ស្មើភាពគ្នាចំពោះ​ទំនាក់​ទំនង​ជាមួយ​សាធារណជន​ទូទៅ អតិថិជន និង​បុគ្គលិក ។ ចំណុច​ទាំង​អស់​ខាង​លើ​នេះ ធនាគារ ​អេស៊ីលីដា​បាន​អនុវត្ត​ដោយ​ចាប់​ផ្តើម​ចេញ​ពី​ចំណុច​សូន្យ​នៃ​ភាព​ពុក​រលួយ ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ និង​ការ​ប្រព្រឹត្ត​បំពានទាំង​ឡាយ ។

ខាង​ក្រោម​នេះ គឺ​ជា​គោលការណ៍​សំខាន់ៗ​នៅ​ក្នុង​គោលនយោបាយ​ទទួល​ខុស​ត្រូវ​ ក្នុង​សង្គម​រួម​របស់​ធនាគារ ​អេស៊ីលីដា ៖

បុគ្គលិក

  • ធនាគារ​អេស៊ីលីដា ​ផ្តល់​ឱកាស​ស្មើ​គ្នា​ចំពោះ​កម្មករ​និយោជិត​ទាំង​អស់ ។ លើក​លែង​តែ​ការងារ​ណាដែល​មាន​ហានិភ័យ​ផ្លូវ​កាយ​ខ្ពស់ (ដូច​ជាអ្នក​យាម និង​អ្នក​បញ្ជូន​សារ) ការ​តែង​តាំង​រាល់​មុខ​តំណែង នៅ​គ្រប់​លំដាប់​ថ្នាក់ទាំង​អស់ គឺ​ផ្អែក​ទាំង​ស្រុង​លើ​គុណវុឌ្ឍិ​ដោយ​មិន​រើស​អើង​ចំពោះ​ភេទ ឬ​កាយ​ពិការភាព​ឡើយ ។
  • ធនាគារ​អេស៊ីលីដា មាន​បំណង​ក្លាយ​ជា​និយោជក ដែល​មាន​ការ​អភិវឌ្ឍ​បំផុត​នៅ​កម្ពុជា ក្នុង​ការ​ឧបត្ថម្ភ​លើ​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ ប្រាក់​សោធន​និវត្តន៍ និង​អត្ថប្រយោជន៍​ដទៃ​ទៀត​ ដូច​ជា​ផ្តល់ ឥណទាន​សម្រាប់​​ប្រើប្រាស់​ផ្ទាល់​ខ្លួន ឥណទាន​គេហដ្ឋាន និង​ផ្តល់​លទ្ធភាព​ឱ្យ​កម្មករ​និយោជិត​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន នៅពេល​ដែល​កម្មករ​និយោជិត​នោះ​ឆ្លង​ផុត​ការ​សាក​ល្បង​ការងារ ។ ធនាគារ​អេស៊ីលីដា ផ្តល់​ការ​ហ្វឹកហ្វឺន​ជូន​ទាំង​បុគ្គលិក​ដែល​ទើប​ចូល​បម្រើ​ការងារ​ថ្មី និង​បុគ្គលិក​ដែល​មាន​បទពិសោធន៍​ស្រាប់ ព្រម​ទាំង​លើក​ទឹក​ចិត្ត​បុគ្គលិក​ដែល​មាន​បំណង​អភិវឌ្ឍ​ខ្លួន​គេ​បន្ថែម​ទៀត ឱ្យ​ទៅ​សិក្សា​នៅ​ខាង​ក្រៅ ។
  • គណៈ​កម្មាធិការ​សវនកម្ម និង​សម្រប​សម្រួល​កិច្ចការ​ច្បាប់​ ដឹក​នាំ​ដោយ​សមាជិកក្រុមប្រឹក្សាភិបាល មាន​តួនាទី​ទទួល​ខុស​ត្រូវ​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់ និង​ត្រួត​ពិនិត្យ ​អំពី​បទដ្ឋាន​ក្រម​សីលធម៌ និង​​វិជ្ជាជីវៈ​របស់​ធនាគារ និង​ការ​គោរព​សិទ្ធិ​មនុស្ស ។
  • ដោយ​បាន​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​បុគ្គលិក ធនាគារ ​អេស៊ីលីដា​បាន​រៀប​ចំ​នូវ​គោលនយោបាយ​សង្គម​នានា ដែល​គ្រប​ដណ្តប់​លើ ៖ ១. ក្រមសីលធម៌ ២. ការ​គ្រប់គ្រង​ធនធាន​មនុស្ស ៣. សុខភាព និងសុវត្ថិភាព ៤. ទំនាក់​ទំនង​ខាង​ក្រៅ ៥. សេរីភាព​បង្កើត​សមាគម និងសិទ្ធិ​ក្នុង​ការ​ចរចា​ជា​រួម ។ ឥឡូវ​អ្វី​ទាំង​អស់​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ប្រព័ន្ធ Lotus Notes ដូច្នេះ​បុគ្គលិក​ម្នាក់ៗ​អាច​ទទួល​នូវ​អ្វី​ដែលជា​ការ​កែប្រែ​ថ្មី និង​ទាន់​សម័យ​ដោយសេរី (ថែម​ទាំង​មិន​ចាំ​បាច់​ប្រើ​ក្រដាស​ផង) ។
  • បុគ្គលិក​ទាំង​អស់​មាន​ប្រតិភូ​បុគ្គលិក ដែល​ពួក​គេ​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​រើស​ដោយ​ផ្ទាល់​ដោយ​មិន​រាប់​បញ្ចូល​ថ្នាក់​ដឹកនាំ និង​គណៈ​កម្មាធិការ​កីឡា​សម្រាប់​បុគ្គលិក ដើម្បី​លើកកម្ពស់​សុខភាព និង​បង្កើន​នូវ​ចំណង​មិត្តភាព ។ នៅ​ការិយាល័យ​កណ្តាល របស់​ធនាគារ​អេស៊ីលីដា​មានគិលាន​ដ្ឋាន​មួយ​ដែល​មាន​លោក​វេជ្ជបណ្ឌិត​ម្នាក់ និង​គិលានុបដ្ឋា​យិកា​២នាក់ បម្រើការ​ពេញ​ម៉ោង ។ ​ការអនុវត្ត​ការងារ​ប្រកប​ដោយ​សុវត្ថិភាព​លើ​បញ្ហា​សុខភាព គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ហ្វឹកហ្វឺនដែល​ផ្តល់​ជូន​គ្រប់​កម្មករ​និយោជិត ក្រោម​ការ​ត្រួតពិនិត្យ​របស់​លោក​វេជ្ជបណ្ឌិត ។ គោលការណ៍​សុខុមាលភាព និង​សុវត្ថិភាព ដែល​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​របស់​អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​អភិបាលកិច្ច បាន​​ដាក់​ឱ្យ​អនុវត្ត នៅ​ក្នុង​នោះ​ក៏​រួម​មាន​គោលការណ៍​ដែល​គ្រប់គ្រង​ដោយ​គណៈ​កម្មាធិការ​មួយ សម្រាប់​ជួយ​គាំទ្រ​ដល់​បុគ្គលិក​ដែល​មាន​ជំងឺអេដស៍ ។
  ២០១៧ ២០១៦ ២០១៥ ២០១៤ ២០១៣
ការ​បម្រើ​ការងារ
ចំនួន​បុគ្គលិក ១២.៤៥៦ ១២.៣២៥ ១១.៩២៦ ១១.១៨២ ៩.៤៥១
ប្រុស ៧.៣៧០ ៧.២៣៦ ៧.០៥៩ ៦.៦៦៤ ៥.៨២០
ស្រី ៥.០៨៦ ៥.០៨៩ ៤.៨៦៧ ៤.៥១៨ ៣.៦៣១
ចំនួន​បុគ្គលិក​ (FTE) ១២.៤១៩ ១២.១៩៧ ១១.៦៧៥ ១០.៤១៥ ៨.៦៧៥
ការ​បណ្តុះ​បណ្តាល និង​ការ​អប់រំ
ការ​បណ្តុះ​បណ្តាល (កម្មវិធី​បំពាក់​បំប៉ន និង​អភិវឌ្ឍ​វិជ្ជាជីវៈ) ៦.៥១៧ ៤.៦៨៧ ៥.៦២១ ៣.៩២៩ ៤.៥២១
ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ចូល​ថ្មី (កម្មវិធី​ដំបូង) ១.១៧៩ ១.៣៧៤ ១.៧១៧ ២.៣៦៨ ២.៧១១
ការ​បណ្តុះ​បណ្តាល​​និស្សិត​នៅ​ក្នុង​ស្រុក ១.០២៥ ១.៤៣៣ ១.២៤១ ៩៦៩ ១.២២០
ការ​បណ្តុះ​បណ្តាល​និស្សិត​បរទេស

សហគមន៍

ធនាគារ​អេស៊ីលីដា ទទួល​ស្គាល់​ថា ការ​ចូល​រួម​បំពេញ​នូវ​តួនាទី​ជា​ប្រជាពលរដ្ឋ​ដ៏​ល្អ​ក្នុង​សហគមន៍​របស់​យើង ជា​បច្ច័យ​មួយ​​ដ៏ល្អ​សម្រាប់​ផលប្រយោជន៍ និង​ភាព​រុងរឿង​របស់​យើង​ទាំងអស់គ្នា ។ គំនិត​ផ្តួចផ្តើមសំខាន់ៗ​ដែល​យើង​កំពុង​អនុវត្ត​ គឺ ៖

  • អភិវឌ្ឍ និង​ផ្តល់​ជូន​នូវ​ផលិតផល​និង​សេវាកម្ម ឱ្យ​បាន​សមស្រប​ប្រកប​ដោយ​ការ​​​សម្រិត​សម្រាំងយ៉ាងប្រុងប្រយ័ត្ន និង​អភិវឌ្ឍឱ្យ​សមស្រប​ទៅ​នឹង​តម្រូវ​ការ​ពិសេស​​ក្នុង​សង្គម​កម្ពុជា​យើង ។ ក្នុង​ឆ្នាំ២០០៦ ធនាគារ​អេស៊ីលីដា បាន​បង្កើត​នូវ​សេវា​ឥណទាន​គេហដ្ឋានដែល​មាន​​អត្រា​ការ​ប្រាក់​ថេរ​រយៈពេល​ ១០ឆ្នាំ ដែល​អាច​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​រូប ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​តិច​តួច អាច​មាន​លទ្ធភាព​ទិញ​លំនៅដ្ឋាន​ផ្ទាល់​ខ្លួន​បាន ។
  • ពង្រីក​​បណ្តាញ​​ប្រតិបត្តិការ ដោយ​ផ្តល់​សេវាកម្ម​ធនាគារ​ដល់​សហគមន៍​ថ្មីៗ ដែល​មាន​ទី​តាំង​នៅ​កន្លែង​ផ្សេងៗ ដោយ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​នៅ​តាម​បណ្តា​ខេត្ត-រាជធានី និង​ពង្រីក​សេវាកម្ម​ធនាគារ​តាម​រយៈ​ប្រព័ន្ធ​អនឡាញ ដើម្បី​ប្រមូល​នូវ​ប្រាក់​សន្សំ​ឱ្យ​បាន​កាន់តែ​ច្រើន ។ ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ អេធីអឹម ដែល​បម្រើ​សេវាកម្ម ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ នៅ​គ្រប់​បណ្តា​ខេត្ត-រាជធានី​ក្នុង​ឆ្នាំ​២០១០ បានបង្ក​នូវ​ភាព​ងាយស្រួល​ដល់​អតិថិជន អាច​ធ្វើ​​ប្រតិបត្តិការ​បាន​គ្រប់​ពេល​វេលា តាម​តម្រូវការ​របស់​ខ្លួន​ដោយ​មិន​គិត​ពី​ម៉ោង​បម្រើ​ការងារ ឬ​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ឡើយ ។ ក្នុង​ខែមេសា ឆ្នាំ​២០១៧ ធនាគារ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ "សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត" គឺ​​ជា​​សេវា​​ហិរញ្ញវត្ថុ​​មួយ​​ប្រភេទ​​ដែល​​អនុញ្ញាត​​ឲ្យ​​អតិថិជន និង​​សាធារណ​ជន​​ទូទៅ ដែល​​ធ្លាប់ ឬ​​មិន​​ធ្លាប់​​ប្រើ​​សេវា​​ធនាគារ​​ពី​​មុន​​មក ជា​​មួយ​​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​​ធនាគារ​​ផ្សេង អាច​​ធ្វើ​​ប្រតិបត្តិការ​​សេវា​​ធនាគារ តាម​​រយៈ​​ទូរស័ព្ទ​​ចល័ត​ដែល​​ដំណើរការ​​ដោយ Android និង iOS ។ ក្នុង​ឆ្នាំ២០១៤ និង ២០១៥ ធនាគារ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​សេវាអេស៊ីលីដា​អ៊ីនធើណែត និង​សេវា​អេស៊ីលីដា​អ៊ីខុមមើស ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​សេវា​ហិរញ្ញវត្ថុ និង​ទូទាត់​ទំនិញ-សេវា​កម្ម​ផ្សេងៗ បាន​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង ។
  • អំទ្បុង​ខែ​វិច្ឆិកា ដល់​ខែធ្នូ ឆ្នាំ២០១៧ ធនាគារ​បាន​សិក្សា​ស្រាវ​ជ្រាវ​ពី​កម្រិត​ជីវភាព​រស់​នៅ​របស់​អតិថិជន ដែល​ប្រើ​ប្រាស់​ឥណទាន​អាជីវកម្ម​ខ្នាត​តូច និង ឥណទាន​​​អាជីវកម្ម​​ខ្នាត​​​មធ្យម និង​​សាជីវកម្ម ដើម្បី​វាស់​ស្ទង់​ពី​ផល​ប៉ះ​ពាល់​នៃ​សេវាកម្ម​ឥណទាន​របស់​​ធនាគារ អេស៊ីលីដា ។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ធ្វើ​ឡើង​ចំពោះ​អតិថិជន​ចំនួន ២.៥១៩នាក់ (អតិថិជន​ស្រ្តី​មាន​ចំនួន ៥០,៤២%) ដែល​ជ្រើស​រើស​ដោយ​ចៃដន្យ​ចេញ​ពី​អតិថិជន​ឥណទាន​ចំនួន ៣៣៥.៣៧១ ដែល​ក្នុង​នោះ​មាន ៥១,២១% ជា​អ្នក​ជំនួញ, ៣៨,០៣% ជា​កសិករ-កម្មករ និង ១០,៧៦% ជា​ក្រុមហ៊ុន​ឯកជន-អង្គការ​ក្រៅ​រដ្ឋាភិបាល-មន្រ្តីរាជការ ។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​បង្ហាញ​ថា លើ​គ្រប់​វិស័យ​អតិថិជន​ចំនួន ៨៨,១៣% មាន​កម្រិត​ជីវភាព​ល្អ​ប្រសើរ​ឡើង​ក្រោយ​ពី​បាន​ទទួល​ឥណទាន​ពី​ធនាគារ អេស៊ីលីដា ហើយ ៧,៤៦% មិន​មាន​ការ​ប្រែ​ប្រួល និង ៤,៤១% បាន​ធ្លាក់​ចុះ ។
  •   ២០១៧ ២០១៦ ២០១៥ ២០១៤ ២០១៣
    កម្រិត​ជីវភាព
    កើនឡើង ៨៨,១៣% ៩៤,១៣% ៩១,៩៦ ៩០,៥៨% ៩២,៩២%
    នៅថេរ ៧,៤៦% ៣,២៧% ៥,៤៤ ៦,១៦% ៥,១៤%
    ធ្លាក់ចុះ ៤,៤១% ២,៦០% ២,៦០ ៣,០៥% ១,៩៤%
  • វិធានការ​យ៉ាង​តឹង​រ៉ឹង ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គោលការណ៍ ដើម្បី​ហាម​ឃាត់​ដល់​ការ​លក់​ ឬ​ជំរុញឱ្យ​អតិថិជន​យក​ឥណទាន​លើស​ពី​សមត្ថភាព ឬ​ជំរុញឱ្យ​គាត់​ជាវ​ផលិតផល ឬ​សេវាកម្ម​ដែល​មិន​សមស្រប ។ តាម​គោលការណ៍ ធនាគារ​អេស៊ីលីដា​មិន​តម្រូវ​ឱ្យ​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​កាតព្វកិច្ច​ឡើយ ។
  • តម្លាភាព និង​ភាពជឿជាក់​ក្នុង​ការ​ផ្សព្វផ្សាយ គឺ​បាន​ប្រតិបត្តិ​យ៉ាង​តឹងរ៉ឹង​នៅ​ពេល​អភិវឌ្ឍ ​ផ្សព្វផ្សាយ និង​លក់​ផលិតផល​និង​សេវាកម្ម​របស់​ធនាគារ ហើយ​ព័ត៌មាន​ពេញ​លេញ និង​លម្អិត បាន​ផ្តល់ជូន​អតិថិជន​តាមរយៈ​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ វេបសាយ និង​សម្ភារផ្សព្វផ្សាយ​ដទៃ​​ទៀត ។
  • ធនាគារ​អេស៊ីលីដា អនុវត្ត​ស្មើភាព​គ្នា​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី ដោយ​មិន​ប្រកាន់​ភេទ ឬ​ពូជសាសន៍ ៖ អតិថិជន​ឥណទាន​ចំនួន ៥២,១៩% ជា​ស្ត្រី ។
  • ការ​រក្សា​អាថ៌កំបាំង​សម្រាប់​អតិថិជន ​ត្រូវ​បាន​បណ្តុះ​ជា​គំនិត​សម្រាប់​បុគ្គលិក​ទាំង​អស់​នៅ​ពេល​ហ្វឹកហ្វឺន ហើយ​រាល់​ការ​បំពាន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កំហុស​ធ្ងន់ ។
  • ដោយ​យល់​ពី​ការ​លំបាក​នៃ​ពិការភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ​អេស៊ីលីដា​កំពុង​តែ​គិត​គូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការសាងសង់​ការិយាល័យ​ថ្មី ឬ​ជួសជុល​កែលម្អ​ការិយាល័យ​ចាស់ ដើម្បី​រៀប​ចំឱ្យ​មាន​ភាពងាយស្រួល​ជូន​ពួក​គាត់​ជា​ពិសេស ។
  • ក្នុង​នាម​ជា​ស្ថាប័ន​ពាណិជ្ជកម្មស្វែងរក​ប្រាក់ចំណេញ ធនាគារ​អេស៊ីលីដា​ពុំ​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​អ្វី​ឡើយ ប៉ុន្តែ​នៅ​ពេល​វេលា​ណាមួយ ឬ​កន្លែង​​សមស្រប ធនាគារ​អាច​​ទទួល​ជំនួយ​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​សេវាកម្ម​មិន​ស្វែង​រក​ប្រាក់​ចំណេញ ដូច​ជា​ការ​រៀបចំ​សិក្ខា​សាលា​សម្រាប់​សិក្ខាកាម​​នៅ​ខាង​ក្រៅ​ជា​ដើម ។
  • ធនាគារ​អេស៊ីលីដា ពុំ​មាន​ចំណង​ទាក់ទង​ទៅ​នឹង​គណបក្សនយោបាយ ឬ​សាសនា​ណា​មួយ​ឡើយ ប៉ុន្តែ​ស្វែងរក​នូវ​សហ​ប្រតិបត្តិការ និង​អនុវត្ត​ការងារ​ប្រកប​ដោយ​ភាព​ចុះ​សម្រុង​ជា​មួយ​រដ្ឋាភិបាល​ដែល​បាន​ជាប់​ឆ្នោត ។ ធនាគារ​ចូល​រួម​យ៉ាង​ទៀង​ទាត់​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់ តាម​រយៈ​សមាគម​ឧស្សាហកម្ម វេទិកា​ពាណិជ្ជកម្ម សភា​ពាណិជ្ជកម្ម និង​សកម្មភាព​ជា​ក្រុម​ផ្សេងៗ​ទៀត ។ ការ​ជួប​ប្រជុំ​ក្នុង​លក្ខខណ្ឌ​ជា​ឯកត្តបុគ្គល​ជា​មួយ​មន្ត្រី​នានា ត្រូវ​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លាភាព ហើយ​បញ្ហា​សំខាន់​ផ្សេងៗ​ត្រូវ​បាន​រៀប​ចំ​ជា​កំណត់​ហេតុ​ទុក ។ ធនាគារ​អេស៊ីលីដា​មាន​បញ្ញត្តិ​យ៉ាង​តឹងរ៉ឹង​សម្រាប់​គ្រប់គ្រង​លើ "ការ​កំសាន្ត​មិន​សមស្រប" និង​សកម្មភាព​ផ្សេងៗ​ទៀត ​ដែល​អាច​បើក​ចំហរ​ចំពោះ​រាល់​ចម្ងល់​លើ​មូលដ្ឋាន​នៃ​សុចរិតភាព ក្នុង​នោះ​រួម​មាន​បញ្ញត្តិ​លើ​សេវាកម្ម​ធនាគារ​ក្នុង​អត្រា​មិន​មែន​ពាណិជ្ជកម្ម (គោលនយោបាយ​ផ្តល់​ប្រាក់​កម្ចី) ។
  • ក្នុង​ឆ្នាំ​២០១៧ ធនាគារ អេស៊ីលីដា បាន​អនុញ្ញាតឱ្យ​និស្សិត​ក្នុង​ស្រុក​ចំនួន ១.០២៥នាក់ និង​និស្សិត​បរទេស​ចំនួន ៥នាក់ មក​ពី​ញូវសេឡែន និង​សហរដ្ឋ​អាមេរិក ចុះ​មក​ធ្វើ​កម្ម​សិក្សា ។

សំគាល់ ៖

  • FTE (Full Time Equivalent): ចំនួន​មធ្យម​នៃ​កម្មករ​និយោជិត បម្រើ​ការ​ពេញ​ម៉ោង​ក្នុង​មួយ​ឆ្នាំ ។
  • * សមមូល​ឧស្ម័ន​កាបូនិក​ត្រូវ​បាន​គណនា​យោង​តាម​គោល​ការណ៍​របស់ Greenhouse Gas Protocol ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ៨០៣   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៧.៩៧៦   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៦៨៦
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប