» ទំនាក់ទំនង » សំណួរអតិថិជន » សំណួរអតិថិជន អំពីអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
សំណួរអតិថិជន អំពីអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
នៅក្នុងទំព័រនេះ យើងខ្ញុំមានក្តីសោមនស្សសូមបង្ហាញជូនលោកអ្នកនូវចម្លើយចំពោះសំណួរទាំងឡាយដែលអតិថិជនបានសួរជាញឹកញាប់ ។ សូមចុចលើសំណួរនៅខាងក្រោម ដើម្បីមើលចម្លើយ ។ យើងខ្ញុំសង្ឃឹមថា ចម្លើយទាំងនោះមានសារប្រយោជន៍និងផ្តល់ជាព័ត៌មានសម្រាប់លោកអ្នក ។ ក្នុងករណីប្រសិនបើមិនមានចម្លើយដែលលោកអ្នកកំពុងស្វែងរកនៅក្នុងទំព័រនេះទេ ឬមានសំណូមពរនានា ដែលអាចផ្តល់នូវអត្ថប្រយោជន៍តាមបំណងរបស់លោកអ្នក សូមមេត្តាផ្តល់ព័ត៌មានមកយើងខ្ញុំដើម្បីបម្រើជូនលោកអ្នកឱ្យកាន់តែប្រសើរ ។
- តើអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនអ្វី ? ហើយផ្តល់សេវាអ្វីខ្លះ ?
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACLEDA Securities Plc.) ជាក្រុមហ៊ុនមូលបត្រ ដែលលោកអ្នកជឿទុកចិត្ត បានចុះបញ្ជីក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណដំបូងគេពីអាជ្ញាធរជាន់ខ្ពស់នៃវិស័យមូលបត្រ "គណៈកម្មការមូលបត្រកម្ពុជា [គ.ម.ក]" នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ (ពិធីប្រគល់អាជ្ញាប័ណ្ណ ធ្វើនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១០) ដើម្បីផ្តល់សេវាលើអាជីវកម្មជើងសាមូលបត្រ (Securities Brokerage Business) ជូនដល់អតិថិជន អ្នកវិនិយោគ និងសាធារណជន ជារូបវន្តបុគ្គល និងជាក្រុមហ៊ុន ស្ថាប័នជាតិ និង អន្តរជាតិ រួមទាំងអាជីវកម្មផ្តល់ប្រឹក្សាវិនិយោគក្នុងករណីសមស្រប ។
អាជីវកម្មជើងសាមូលបត្រ សំដៅដល់ការទិញលក់មូលបត្រក្នុងនាម និងតាមបញ្ជាអតិថិជនដោយទទួលបានកម្រៃជើងសា ។ ឯអាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ រួមមាន ៖- ការផ្តល់ប្រឹក្សាអំពីការវិនិយោគលើមូលបត្រដល់អ្នកវិនិយោគ ដោយទទួលបាននូវកម្រៃសេវា ហើយនិង
- ការបោះពុម្ពផ្សាយសេចក្តីវិភាគអំពីការវិនិយោគមូលបត្រជូនដល់អ្នកវិនិយោគសាធារណៈ ។
- ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ។
- ហេតុអ្វីបានជាធនាគារអេស៊ីលីដាវិនិយោគតាមរយៈការបង្កើត អេស៊ីលីដា ស៊ីឃ្យួរឹធី ?
ធនាគារអេស៊ីលីដា គឺជាធនាគារពាណិជ្ជធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានបណ្តាញការិយាល័យបម្រើអតិថិជនរហូតដល់ ២៣៤ការិយាល័យ ជាមួយបុគ្គលិកបម្រើការងារប្រហែល ៧០០០នាក់ មានម៉ាស៊ីនអេធីអឹមរាប់រយកន្លែងដាក់បម្រើជូនអតិថិជនទាំងនៅតាមជនបទ ទីក្រុង មហាវិថីធំៗ ផ្សារទំនើបនានា ហើយថែមទាំងមានម៉ាស៊ីនឆូតកាតរាប់រយគ្រឿង សម្រាប់អតិថិជនធ្វើការទូទាត់ថ្លៃសេវាកម្ម ឬទំនិញផ្សេងៗ ពិសេសសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ដែលជាសេវាធនាគារប្រកបដោយបច្ចេកវិជ្ជាទំនើប ទាន់សម័យ ឆាប់រហ័ស ងាយស្រួល ដល់ការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃតាមរយៈទូរស័ព្ទដៃគ្រប់ប្រព័ន្ធទាំងអស់ប្រព្រឹត្តទៅដោយសុវត្ថិភាព នៅគ្រប់ទីកន្លែង ទាំងក្នុងនិងក្រៅប្រទេស ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ការិយាល័យធនាគារឡើយ ។
ធនាគារ អេស៊ីលីដា នៅតែបន្តពង្រីក និងធ្វើការអភិវឌ្ឍ កែច្នៃខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងគោលបំណងឱ្យការបម្រើអតិថិជនកាន់តែមានភាពងាយស្រួល ជឿជាក់ សមដូចពាក្យថា ធនាគារអេស៊ីលីដា ដែលលោកអ្នកជឿទុកចិត្ត ។
ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជនវៃឆ្លាតជាងមួយលាននាក់ លើផលិតផល និងសេវាកម្មដែលធនាគារកំពុងបម្រើជូនអតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី បាននិងកំពុងពង្រីកសក្តានុពលរបស់ខ្លួនទៅក្នុងវិស័យមូលបត្រ តាមរយៈតួនាទីជាក្រុមហ៊ុនអន្តរការី ដោយវិនិយោគបង្កើត អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដើម្បីបម្រើសេវា និងផ្តល់លទ្ធភាពជូនអតិថិជនអាចចូលរួមជួញដូរ (ទិញ-លក់) ភាគហ៊ុន សញ្ញាប័ណ្ណ ឬឧបករណ៍ហិរញ្ញវត្ថុនានាក្នុងវិស័យមូលបត្រ ។ - តើធនាគារអេស៊ីលីដាមានទំនាក់ទំនងយ៉ាងណាជាមួយ អេស៊ីលីដា ស៊ីឃ្យួរឹធី ?
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលវិនិយោគ ១០០% ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ។
- តើអេស៊ីលីដា ស៊ីឃ្យួរឹធី ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់អតិថិជន អ្នកវិនិយោគ ឬសាធារណជន ?
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ផ្តល់ជម្រើសវិនិយោគដ៏សម្បូរបែបលើមូលបត្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជាជម្រើសថ្មីមួយទៀត សម្រាប់អតិថិជន អ្នកវិនិយោគ និងសាធារណជន អាចប្រើប្រាស់ធនធានហិរញ្ញវត្ថុ សម្រាប់បង្កើនទ្រព្យសម្បត្តិ ប្រភពចំណូលឱ្យប្រសើរឡើង មានឱកាសរួមចំណែកធ្វើជាម្ចាស់ក្រុមហ៊ុនធំៗ និងនិរន្តភាពលើការវិនិយោគ តាមរយៈអេស៊ីលីដា ស៊ីឃ្យួរឹធី ។
ជាសង្ខេប អត្ថប្រយោជន៍ទាំងនោះរួមមាន ៖- ចំណេះដឹងលើវិស័យមូលបត្រ និងការជួញដូរមូលបត្រ
- ជម្រើសសម្បូរបែបលើប្រភេទមូលបត្រដែលអាចធ្វើការជួញដូរក្នុងទីផ្សារមូលបត្រ
- ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងជម្រើសក្នុងការវិនិយោគក្នុងវិស័យនានា
- សិទ្ធិជាម្ចាស់កម្មសិទ្ធិលើចំណែកភាគហ៊ុនក្រុមហ៊ុនធំៗ តាមរយៈការទិញភាគហ៊ុនក្រុមហ៊ុនដែលចុះបញ្ជីក្នុងទីផ្សារមូលបត្រ
- ទទួលបានភាគលាភ និងប្រាក់ចំណេញពីការជួញដូរភាគហ៊ុន
- និងអត្ថប្រយោជន៍ពាក់ព័ន្ធដទៃទៀត ។
- តើអេស៊ីលីដា ស៊ីឃ្យួរឹធី មានទីតាំងនៅឯណា ?
អេស៊ីលីដា ស៊ីឃ្យួរឹធី ស្ថិតនៅអគារការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី (ជាន់ទី៥) អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ហើយនិងរៀបចំពង្រីកឱ្យមានការិយាល័យសាខា ឬភ្នាក់ងារតំណាងនៅក្នុងរាជធានីភ្នំពេញ និងខេត្តក្រុងនានានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងការរៀបចំចាប់ដៃគូ និងកិច្ចសហការប្រតិបត្តិការជាមួយក្រុមហ៊ុនមូលបត្រទាំងក្នុង និងក្រៅប្រទេស ។
អេស៊ីលីដា ស៊ីឃ្យួរឹធី បានបំពាក់នូវបណ្តាញទំនាក់ទំនង ប្រព័ន្ធថតសម្លេង និងសង្ហារិម បរិក្ខារសមស្រប សម្រាប់ដំណើរការរលូននៃប្រតិបត្តិការ ជាពិសេសនឹងរៀបចំប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិជ្ជាមូលបត្រទំនើប ដែលមានសមត្ថភាពពេញលេញគាំទ្រការធ្វើប្រតិបត្តិការជួញដូរភាគហ៊ុន សញ្ញាប័ណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ។ - តើធ្វើដូចម្តេចដើម្បីឱ្យអតិថិជនរបស់ធនាគារអេស៊ីលីដា អ្នកវិនិយោគ ឬសាធារណជន អាចប្រើប្រាស់សេវារបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ?
ដើម្បីប្រើប្រាស់សេវារបស់អេស៊ីលីដា ស៊ីឃ្យួរឹធីបាន អ្នកវិនិយោគត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម ៖
- មានគណនី ឬបើកគណនីវិនិយោគ (Investment Account) ជាមួយ អេស៊ីលីដា ស៊ីឃ្យួរឹធី ។ ដើម្បីបើកគណនីវិនិយោគ លោកអ្នកត្រូវមានឯកសារសម្គាល់អត្តសញ្ញាណដូចជា ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អត្តសញ្ញាណប័ណ្ណការងារ លិខិតឆ្លងដែន ឬឯកសារដែលមានសុពលភាពផ្សេងៗទៀត)
- បំពេញសំណើជួញដូរ ឬសំណើពាក់ព័ន្ធ ដើម្បីទិញ-លក់ភាគហ៊ុន សញ្ញាប័ណ្ណ ឬឧបករណ៍ហិរញ្ញវត្ថុនានា ឬធ្វើប្រតិបត្តិការលើមូលបត្រ នៅក្នុងទីផ្សារមូលបត្រកម្ពុជា ។
- តើកម្រៃសេវា អេស៊ីលីដា ស៊ីឃ្យួរឹធី ត្រូវបានគិតយ៉ាងដូចម្តេច ?
អេស៊ីលីដា ស៊ីឃ្យួរឹធី នឹងផ្តល់សេវាជូនអតិថិជនដោយគិតកម្រៃសេវាសមរម្យ ស្របតាមទីផ្សារ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យមូលបត្រ ។
សំគាល់ ៖ ធនាគារអេស៊ីលីដា សូមរក្សាសិទ្ធិក្នុងការកែប្រែថ្លៃសេវាកម្មដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ ។ សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។