តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន​ហិរញ្ញវត្ថុ  »  របាយការណ៍​ប្រធាន​ក្រុម​ប្រឹក្សាភិបាល

របាយការណ៍​ប្រធាន​ក្រុម​ប្រឹក្សាភិបាល


លោក ឆាយ សឿន ប្រធាន​ក្រុមប្រឹក្សាភិបាល

"ជំនួស​មុខ​ឱ្យ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីក​រាយ ក្នុង​ការ​បង្ហាញ​នូវ​របាយការណ៍​ប្រចាំ​ឆ្នាំ២០១៧ ជូន​ដល់​ភាគទុនិក និង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។"

សេដ្ឋកិច្ច​កម្ពុជា

ធនាគារ​ពិភព​លោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ព្យាករណ៍​ថា កំណើន​​សេដ្ឋកិច្ច​នឹង​កើន​ឡើង ៦,៩% និង ៧% សម្រាប់​ឆ្នាំ២០១៧ ។ កំណើន​នេះ​បន្ត​រីក​ចម្រើន​ក្នុង​ល្បឿន​មួយ​ដ៏​រឹង​មាំ ដោយ​ជម្រុញ​ពិពិធកម្ម​នាំ​ចេញ​សំណង់​រឹង​មាំ សកម្មភាព​ទេសចរណ៍ លក្ខខណ្ឌ​ផ្សេងៗ​ល្អ​ប្រសើរ និង​ការ​គាំទ្រ​លើ​គោល​នយោបាយ​សារ​ពើ​ពន្ធ ។

វិស័យ​ហិរញ្ញវត្ថុ

ដោយ​សារ​តែ​ប្រទេស​កម្ពុជា​មាន​សន្តិភាព ស្ថិរភាព និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព ទើប​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នូវ​ចំនួន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ២០១៧ ដែល​បច្ចុប្បន្ន​មាន​ធនាគារ​ពាណិជ្ជ ចំនួន៣៩, ធនាគារ​ឯកទេស ចំនួន១៥, ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ចំនួន៧៥, ប្រតិបត្តិករ​ឥណទាន​ជនបទ ចំនួន២៨៦, ក្រុមហ៊ុន​ភតិសន្យា១១ និង​ការិយាល័យ​តំណាង​ធនាគារ​បរទេស ចំនួន៦ ។ ប្រតិបត្តិករ​ឥណទាន​ជនបទ​ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​ផង​ដែរ​ក្នុង​ឆ្នាំ​ក្រោយ ។

យើង​ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​បទប្បញ្ញត្តិ​ថ្មីៗ ដែល​បាន​ចេញ​ដោយ​ធនាគារ​ជាតិ នៃ កម្ពុជា ដែល​ផ្តោត​លើ​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​កាត់​បន្ថយ​ហានិភ័យ​​ ការពារ​ផលប្រយោជន៍​របស់​ភាគី​ពាក់​ព័ន្ធ ហើយ​ជា​ពិសេស ដើម្បី​ពង្រឹង​ការ​ការពារ​អតិថិជន ក្នុង​ចំណោម​យន្តការ​ជា​ច្រើន​ផ្សេង​ទៀត ដែល​មាន​គោល​ដៅ​ល្អ​បំផុត​ដើម្បី​ធានា​កំណើន​ប្រកប​ដោយ​និរន្តរភាព នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ក្នុង​ឆ្នាំ២០១៧ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​​បន្ត​​អនុវត្ត​​គោល​ដៅចម្បង ដែល​បាន​ចែង​នៅ​ក្នុង​យុទ្ធសាស្រ្ត​រយៈពេល ៥ឆ្នាំ (២០១៧ ដល់ ២០២២) របស់​ធនាគារ ដើម្បី​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ក្នុង​តំបន់ "ជា​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត" ជា​មួយ​នឹង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ ។ ការ​ផ្តល់​តម្លាភាព និង​ទំនុក​ចិត្ត ទៅ​ដល់​អ្នក​ដែល​ពាក់​ព័ន្ធ គឺ​ជា​ចំណូល​រយៈ​ពេល​វែង ដោយ​យើង​នៅ​តែ​បន្ត​គាំទ្រ​ដល់​របៀប​វារៈ​កំណើន​សេដ្ឋកិច្ច និង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​តែ​បន្ត​ពង្រឹង​គំរូ​អាជីវកម្ម​របស់​ធនាគារ និង​សម្រួល​ដល់​ការ​ផ្តល់​សេវាកម្ម​ធនាគារ​ដល់​អតិថិជន ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដែល​ធ្វើ​ឱ្យ​ធនាគារ​ទទួល​បាន​ប្រាក់​ចំណូល​ប្រកប​ដោយ​និរន្តរភាព​យូរ​អង្វែង ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ភាគទុនិក​របស់​ធនាគារ ។

ក្នុង​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​តទៅ​មុខ​ទៀត ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​នៅ​តែ​បន្ត​បង្កើន​សេវា​ធនាគារ​អេឡិចត្រូនិក ដើម្បី​ផ្តល់​សេវាកម្ម​ធនាគារ​ដ៏​ល្អ​ប្រសើរ និង​ភាយ​ងាយ​ស្រួល​ដល់​អតិថិជន និង​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​បម្រើ​អតិថិជន​ចាប់​ពី​ឆ្នាំ២០១៧ នេះ​តទៅ ជា​មួយ​នឹង​យុទ្ធសាស្ត្រ​ធនាគារ​ឌីជីថល ដោយ​រួម​បញ្ចូល​ទាំង​សេវា​ធនាគារ​អេឡិចត្រូនិក​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​ហិរញ្ញវត្ថុ (FinTech) ។

បរិយាកាស​ធុរកិច្ច​នៅ​ប្រទេស​កម្ពុជា បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​រឹង​មាំ​ដល់​សហគមន៍​អាជីវកម្ម រួម​ទាំង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ផង​ដែរ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​សម្រេច​ជោគ​ជ័យ​បាន​តាម​ផែនការ​អាជីវកម្ម​របស់​ខ្លួន ខណៈ​ដែល​ស្ថាប័ន​ផ្តល់​ចំណាត់​ថ្នាក់​ធនាគារ​អន្តរជាតិ (Standard & Poor's) បាន​រក្សា​ចំណាត់​ថ្នាក់​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រឹម "B+" ដដែល ជា​មួយ​នឹង​ទស្សន​វិស័យ "ស្ថិរភាព" ។ ចំណាត់​ថ្នាក់​នេះ​បញ្ជាក់​ពី​ភាព​ជោគ​ជ័យ តាម​រយៈ​ការ​ពង្រឹង​អភិបាលកិច្ច ដើម​ទុន កេរ្តិ៍​ឈ្មោះ​ប្រតិបត្តិការ និង​លទ្ធភាព​ផ្តល់​ស្ថិរភាព​ដល់​ដំណើរការ​អាជីវកម្ម​របស់​ធនាគារ ។

សមាសភាព​ក្រុម​ប្រឹក្សា​ភិបាល

ក្រុម​ប្រឹក្សាភិបាល​មាន​អភិបាល​សរុប​ចំនួន ១០នាក់ ដែល​ក្នុង​នោះ​មាន ៣នាក់ ជា​អភិបាល​ឯករាជ្យ​មិន​ប្រតិបត្តិ ៥នាក់ ជា​អភិបាល​មិន​ប្រតិបត្តិ និង ២នាក់​ទៀត​ជា​អភិបាល​ប្រតិបត្តិ ។ ក្នុង​ឆ្នាំ២០១៧ មិន​មាន​ការ​ផ្លាស់​ប្តូរ​សមាសភាព​ក្រុម​ប្រឹក្សា​ភិបាល​ទេ ។

អភិបាលកិច្ច

ក្រុម​ប្រឹក្សា​ភិបាល និង​ថ្នាក់​គ្រប់​គ្រង មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ធានា​ឱ្យ​បាន​នូវ​រាល់​ប្រតិបត្តិការ​របស់​ធនាគារ​ទាំង​អស់ គឺ​អនុវត្ត​ស្រប​តាម​ច្បាប់ និង​បទប្បញ្ញាត្តិ​ផ្សេងៗ ដែល​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ប្រតិបត្តិការ​របស់​ធនាគារ​នា​ពេល​ខាង​មុខ ។

ដោយ​យោង​លើ​តួនាទី និង​ភារកិច្ច ក្រុម​ប្រឹក្សា​ភិបាល​ត្រូវ​ជួប​ប្រជុំ​៤ដង​យ៉ាង​ទៀង​ទាត់​ក្នុង​មួយ​ឆ្នាំ ។ ក្នុង​កិច្ច​ប្រជុំ គឺ​ពិនិត្យ​មើល​ការ​អនុវត្ត​របស់​ថ្នាក់​គ្រប់​គ្រង​ប្រតិបត្តិ និង​ការ​ត្រួត​ពិនិត្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ប្រតិបត្តិការ​របស់​ធនាគារ ។ ក្រុម​ប្រឹក្សា​ភិបាល ត្រូវ​បាន​គាំទ្រ​ដោយ​គណៈកម្មាធិការ​ក្រុម​ប្រឹក្សា​ភិបាល ដែល​ទទួល​ខុស​ត្រូវ​ការងារ​អភិបាល​កិច្ច​ផ្សេងៗ​គ្នា ។ គណៈ​កម្មាធិការ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន គណៈ​កម្មាធិការ​សនវកម្ម និង​សម្រប​សម្រួល​កិច្ចការ​ច្បាប់, គណៈ​កម្មាធិការ​គ្រប់​គ្រង​ទ្រព្យ​សកម្ម និង​អកម្ម, គណៈ​កម្មាធិការ​ឥណទាន, គណៈ​កម្មាធិការ​ផ្តល់​តម្លៃការ និង​ជ្រើស​តាំង, និង​គណៈ​កម្មាធិការ​គ្រប់​គ្រង​ហានិភ័យ ។ មាន​គណៈ​កម្មាធិការ​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី​មួយ​ទៀត បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៧ គឺ គណៈ​កម្មា​ធិការ​បច្ចេក​វិទ្យា​ព័ត៌មាន ដែល​មាន​ប្រធាន​ជា​អភិបាល​មិន​ប្រតិបត្តិ​ឯករាជ ។

ទស្សន​វិស័យ ឆ្នាំ២០១៨

យោង​តាម​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភព​លោក ស្តី​ពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គឺ​នៅ​រក្សា​កំណើន​ស្ថិរភាព​ប្រហែល ៧% ក្នុង​ឆ្នាំ២០១៨ ។ ធនាគារ​ពិភព​លោក បាន​បន្ថែម​ទៀត​ថា ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​ឡើង​លើ​ខ្សែ​សង្វាក់​ផលិតកម្ម លើ​វិស័យ​កាត់​ដេរ អេឡិច​ត្រូនិក និង​គ្រឿង​បន្លាស់​រថយន្ត ។ ដើម្បី​ទ្រទ្រង់​និន្នាការ​ទាំង​នេះ កម្ពុជា​ត្រូវ​តែ​ចាប់​ផ្តើម​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​កាន់​តែ​ស៊ី​ជម្រៅ ក្នុង​ការ​លើក​កម្ពស់​បរិយាកាស​ធុរកិច្ច​ពិពិធកម្ម​នាំ​ចេញ កាត់​បន្ថយ​ថ្លៃ​ដើម​នៃ​ការ​ដឹក​ជញ្ជូន​ដោយ​កាត់​បន្ថយ​គម្លាត​ជំនាញ ។

ការ​ទទួល​ស្គាល់

ក្នុង​នាម​ក្រុម​ប្រឹក្សា​ភិបាល ខ្ញុំ​បាទ​សូម​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន ភាគទុនិក អភិបាល ថ្នាក់​គ្រប់​គ្រង​ប្រតិបត្តិ និង​បុគ្គលិក​គ្រប់​លំដាប់​ថ្នាក់​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំង​អស់​ដែល​បាន​គាំទ្រ និង​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​តាម​យុទ្ធសាស្ត្រ​របស់​ធនាគារ ធ្វើ​ឱ្យ​ធនាគារ​សម្រេច​បានជោគជ័យ​តាម​គោល​ដៅ និង​បំណង​របស់​ខ្លួន ។

យើង​ខ្ញុំ​ក៏​សូម​សម្តែង​នូវ​ការ​ដឹង​គុណ​ដល់​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ធនាគារ​ជាតិ​នៃ​កម្ពុជា និយ័តករ ព្រម​ទាំង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដែល​តែង​តែ​ជួយ​គាំទ្រ និង​ប្រឹង​ប្រែង​អភិវឌ្ឍ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​កម្ពុជា ជា​ពិសេស​វិស័យ​ធនាគារ​តែ​ម្តង ។

យើង​ខ្ញុំ​សូម​ធានា​ចំពោះ​អតិថិជន ព្រម​ទាំង​ភាគទុនិក​ទាំង​អស់​ថា​នៅ​ឆ្នាំ២០១៨ នេះ យើង​ខ្ញុំ​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តំបន់​ដែល​ផ្តល់​ឱកាស​ល្អ​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​បន្ត​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ភាព​ជោគ​ជ័យ រីក​ចម្រើន និង​មាន​និរន្តរភាព ព្រម​ទាំង​ផ្តល់​នូវ​គោល​ដៅ​យុទ្ធសាស្ត្រ ក្នុង​ការ​បង្កើន​ប្រាក់​ចំណេញ​នា​ពេល​អនាគត ក៏​ដូច​ជា​ពង្រឹង​ជំហរ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​ក្នុង​តំបន់ ។


លោក ឆាយ សឿន
ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៤៤   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៦១៤   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៨.៣៧៥