» ព័ត៌មានហិរញ្ញវត្ថុ » ព័ត៌មានសង្ខេបសំខាន់ៗ
ព័ត៌មានសង្ខេបសំខាន់ៗ
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឲ្យឃើញថា ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ក្នុងរយៈពេល ១៧ឆ្នាំកន្លងមកនេះ ដូចមានបង្ហាញក្នុងក្រាហ្វិកខាងក្រោម ៖

គិតពីឆ្នាំ២០០១ ប្រាក់បញ្ញើសន្សំសរុបរបស់អតិថិជនក្នុងវិស័យធនាគារនៃប្រទេសកម្ពុជាមានប្រមាណជា ៤១៦លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងនោះប្រាក់បញ្ញើសន្សំសរុបនៅធនាគារ អេស៊ីលីដា ភីអិលស៊ី មានតែ ២លានដុល្លារអាមេរិក ។ ប៉ុន្តែមកដល់ខែធ្នូ ឆ្នាំ២០១៧ នេះប្រាក់បញ្ញើសន្សំក្នុងវិស័យធនាគារ បានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់ ១៧.២៦១លានដុល្លារអាមេរិក ក្នុងនោះចំណែកទីផ្សាររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបាន ៣.០៣៧លានដុល្លារអាមេរិក ឬស្មើនឹង ១៧,៥៩% នៃទីផ្សារប្រាក់បញ្ញើនៅក្នុងប្រទេសកម្ពុជា ។
ដូច្នេះយើងកត់សម្គាល់ឃើញថា កំណើនប្រាក់បញ្ញើសន្សំនៅធនាគារ អេស៊ីលីដា ភីអិលស៊ី កើនពី ០,៥% រហូតដល់ ១៧,៥៩% ក្នុងរយៈពេល ១៧ឆ្នាំនេះ ។

ប្រាក់កម្ចីក្នុងដៃអតិថិជនក្នុងវិស័យធនាគារទាំងមូលមានប្រមាណជា ២៤២លានដុល្លារអាមេរិកនៅឆ្នាំ២០០១ ក្នុងនោះចំណែកទីផ្សារធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រមាណជា ២១លានដុលា្លរអាមេរិក គឺស្មើនឹង ៨,៦% នៃទីផ្សារឥណទាននៅក្នុងប្រទេសកម្ពុជា ។ ដោយសារការអភិវឌ្ឍ និងការរីកចម្រើនវិស័យសេដ្ឋកិច្ចជាតិ បានធ្វើឲ្យសេវាឥណទានកើនឡើងយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺគិតត្រឹមខែធ្នូ ឆ្នាំ២០១៧ នេះប្រាក់កម្ចីនៅក្នុងដៃអតិថិជនមានចំនួន ១៦.៤៤៣លានដុល្លារអាមេរិក ក្នុងនោះធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបាន ៣.០៣៦លានដុល្លារអាមេរិក ឬស្មើនឹង ១៨% នៃទីផ្សារសេវាឥណទានទាំងមូលក្នុងវិស័យធនាគារ ។
សរុបមក កំណើននៃសេវាឥណទានរបស់ ធនាគារ អេស៊ីលីដា កើនឡើងជាលំដាប់ចាប់ពី ៨,៦% រហូតដល់ ១៨% ក្នុងអំឡុងពេល ១៧ឆ្នាំនេះក្នុងវិស័យធនាគារទាំងមូល ។

របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ទ្រព្យសកម្មរបស់វិស័យធនាគារទាំងមូលនៃប្រទេសកម្ពុជាមានប្រមាណជា ៧៥១លានដុល្លារអាមេរិកប៉ុណ្ណោះនៅឆ្នាំ២០០១ ។ ខណៈពេលដែលប្រទេសកម្ពុជាមានការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ចជាតិ បានធ្វើឲ្យទ្រព្យសកម្មរបស់វិស័យធនាគារទាំងមូលបានកើនឡើងរហូតដល់ ២៨.៦៣០លានដុល្លារអាមេរិក គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ នេះ ។ ដូច្នេះក្នុងរយៈពេល ១៧ឆ្នាំនេះ (២០០១-២០១៧) ទ្រព្យសកម្មរបស់វិស័យធនាគារទាំងមូលមានកំណើនចំនួន ៣៨ដង ។ ដោយឡែកធនាគារ អេស៊ីលីដា ភីអិលស៊ី មានកំណើន ១៩២ដង បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា មានន័យថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកំណើនទ្រព្យសកម្មប្រមាណ ៥ដង ខ្ពស់ជាងកំណើនជារួមនៃវិស័យធនាគារទាំងមូល ។
ឯកសារយោង ៖ របាយការណ៍ប្រចាំឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា ។