តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន​ហិរញ្ញវត្ថុ  »  របាយការណ៍​ប្រធាន​នាយក​ប្រតិបត្តិ

របាយការណ៍​ប្រធាន​នាយក​ប្រតិបត្តិ


បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

"ការ​បង្កើន​ប្រសិទ្ធិភាព​ចំណាយ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ខ្ពស់​បំផុត និង​កាត់​បន្ថយ​ហានិភ័យ គឺ​ជា​បទដ្ឋាន​នៅ​ក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំង​នេះ​បាន​រៀបចំ​យ៉ាង​ល្អ​ជា​មួយ​នឹង​យុទ្ធសាស្ត្រ​រួម​របស់​ធនាគារ ដែល​ជា​ស្នូល​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ភាព​ខ្លាំង​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នេះ​មិន​មែន​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​តែ​មួយ​ដង​នោះ​ទេ ធនាគារ​នៅ​តែ​បន្ត​រហូត និង​ធ្វើ​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ យើង​បាន​កាត់​បន្ថយ​ហានិភ័យ​ដែល​មិន​អាច​មើល​ឃើញ​ទុក​ជា​មុន ដូចជា​ប្រព័ន្ធ​ប្រតិបត្តិការ បទប្បញ្ញត្តិ ឬ​ការ​ផ្តល់​ឥណទាន​ជា​ដើម ។ យើង​ខ្ញុំ​បាន​វិនិយោគ​យ៉ាង​ច្រើន​លើ​សមត្ថភាព​បុគ្គលិក និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត ព្រម​ទាំង​បច្ចេកវិទ្យា​និង​មជ្ឈមណ្ឌល​ទិន្នន័យ​ទំនើប​បំផុត​របស់​ធនាគារ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ភាគី​ដែល​ពាក់ព័ន្ធ ជា​ពិសេស​សម្រាប់​អតិថិជន​ដ៏​មាន​តម្លៃ​របស់​យើង​ខ្ញុំ ។"

សមិទ្ធផល​សម្រេច​បាន​ក្នុង​ឆ្នាំ២០១៧

ស្ថានភាព​ប្រកួត​ប្រជែង

ទោះ​បី​ជា​មាន​បញ្ញត្តិ​រឹត​ត្បិត​យ៉ាង​ម៉ត់​ចត់​ក៏​ដោយ ក៏​ប្រទេស​កម្ពុជា​នៅ​តែ​ជា​ទីផ្សារ​ដែល​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​វិនិយោគិន​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ រួមមាន​ធនាគារ​ពាណិជ្ជ និង​ធនាគារ​ឯកទេស, ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ។ ដោយ​សារ​តែ​កំណើន​នៃ​ការ​បង្កើត​ថ្មី ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង​ទាំង​តម្លៃ និង​គុណភាព​បម្រើ​សេវាកម្ម នៅ​ក្នុង​វិស័យ​សេវា​ធនាគារ​អេឡិចត្រូនិក​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​ហិរញ្ញវត្ថុ (FinTech) ។ ទោះ​បី​យ៉ាង​ណា​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប រួមទាំង​បណ្តាញ​ប្រតិបត្តិការ​ធំ ជា​មួយ​នឹង​ការិយាល័យ​សាខា​ធំៗ​ជា​ច្រើន, បណ្តាញ​ម៉ាស៊ីន​ឆូតកាត (POS), បណ្តាញ​ម៉ាស៊ីន​អេធីអឹម, និង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដែល​ទើប​នឹង​បង្កើត​ថ្មី​យ៉ាង​ទំនើប និង​សុវត្ថិភាព ធ្វើ​ឱ្យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​តែ​មាន​ជំហរ​ដ៏​រឹងមាំ និង​នាំ​មុខ​ទីផ្សារ​ក្នុង​ការអភិវឌ្ឍ​ពង្រីក​សេវា FinTech ទូទាំង​ប្រទេស​កម្ពុជា ។

ចំណុច​សំខាន់ៗ​នៃ​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០១៧

  • សមតុល្យ​ឥណទាន​សុទ្ធ​សរុប​មាន​ចំនួន ៣.១៧១,៩៩ លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ចំនួន ៥៨០ លាន​ដុល្លារ​អាមេរិក ស្មើ​នឹង ១៨,៣១% ត្រូវ​បាន​ផ្តល់​លើ​វិស័យ​កសិកម្ម​ក្នុង​ចំណោម​ការវិនិយោគ​លើ​វិស័យ​ជា​ច្រើន​ផ្សេងៗ​ទៀត ។ បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ២០១៦ មាន​ចំនួន ៥៦២,១២ លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​វិនិយោគ​លើ​វិស័យ​កសិកម្ម ។
  • ក្នុង​ឆ្នាំ២០១៧ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រកាស​នូវ​របាយការណ៍​ប្រាក់​ចំណេញ​ក្រោយ​បង់​ពន្ធ ចំនួន ៩១,៦៨* លាន​ដុល្លារ​អាមេរិក ។ នៅ​ចុង​ឆ្នាំ២០១៧ យើង​មាន​អតិថិជន​ឥណទាន​ខ្នាត​តូច​បំផុត​ចំនួន ៤០៨.៧៦៦ នាក់ ។
  • ធនាគារ អេស៊ីលីដា បន្ត​កាត់​បន្ថយ​ចំណាយ និង​ត្រួត​ពិនិត្យ​ហានិភ័យ​ដើម្បី​ទទួល​បាន​ចំណូល​ខ្ពស់​បំផុត ។
  • សេវា​ធនាគារ​អេឡិចត្រូនិក​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​ហិរញ្ញវត្ថុ (FinTech) បាន​បញ្ចូល​ជា​មួយ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេវា​ធនាគារ​អេឡិចត្រូនិក​របស់​ធនាគារ ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​ជា​ច្រើន ដើម្បី​គ្រប់​គ្រង​ធនធាន​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​យ៉ាង​មាន​ប្រសិទ្ធភាព ពី​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា តាម​តម្រូវការ ដើម្បី​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​យ៉ាង​មាន​សុវត្ថិភាព​ខ្ពស់ ។

សេវា​ឥណទាន និង​សេវា​បញ្ញើ-សន្សំ

ឥណទាន​ខ្នាត​តូច​បាន​កើន​ឡើង ៤១,៨៩% និង​ឥណទាន​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន កើន​ឡើង ៨,២២% ។ ឥណទាន​គេហដ្ឋាន មាន​ចំនួន ៦,៥៨% នៃ​ទំហំ​ឥណទាន​សរុប ។ ប្រាក់​បញ្ញើ-សន្សំ​បាន​កើន​ឡើង ៦,៥១% រហូត​ដល់ ៣.៣២៩,៦៦ លាន​ដុល្លារ​អាមេរិក ។ វិស័យ​លក់​រាយ​ជា​ផ្នែក​ដែល​ធំ​ជាង​គេ​បំផុត​នៃ​កំណើន​ប្រាក់​បញ្ញើ​សរុប ដែល​ភាគ​ច្រើន​បាន​មក​ពី​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​ដំបូង ដូចជា​កម្មករ​និយោជិត​តាម​រយៈ​សេវា​បើក​ប្រាក់​បៀវត្ស និង​អតិថិជន​នៅ​តាម​ជន​បទ ។ ការពង្រីក​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ដៃ និង​សេវា​ធនាគារ​តាម​រយៈ​អ៊ីធើណែត បាន​ចូល​រួម​ធ្វើ​ឱ្យ​មាន​កំណើន​នេះ​ផង​ដែរ ។ គួរ​កត់​សម្គាល់​ផង​ដែរ​ថា សមតុល្យ​ប្រាក់​បញ្ញើ​ទាំង​នោះ​អាច​គ្រប​ដណ្តប់​លើ​សមតុល្យ​ឥណទាន ដែល​មាន​ចំនួន ៣.១៧១,៩៩ លាន​ដុល្លារ​អាមេរិក ។

ចំណុច​សំខាន់​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​សារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អេឡិច​ត្រូនិក​ចម្រុះ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី រួម​បញ្ចូល​ជា​មួយ​នឹង​សេវា​ធនាគារ​អេឡិចត្រូនិក​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​ហិរញ្ញវត្ថុ​ដ៏​ទំនើប ហើយ​និង​ប្រព័ន្ធ​ចាត់​ចែង​ដោយ​ស្វ័យ​ប្រវត្តិ ។ នៅ​ដំណាច់​ឆ្នាំ២០១៧ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ​អេធីអឹម ចំនួន ៤៤៤ គ្រឿង និង​ម៉ាស៊ីន​ឆូត​កាត​ចំនួន ៣.៦៩១ គ្រឿង​ទូទាំង​ប្រទេស ដោយ​បាន​បញ្ចេញ​ឱ្យ​ប្រើ​ប្រាស់​ប័ណ្ណ​ឥណពន្ធ ចំនួន ៩៦១.៤៥០ ប័ណ្ណ ។ ប្រាក់​បញ្ញើ​បាន​កើន​ឡើង​ដល់ ៣.២៤៩,៩៥ លាន​ដុល្លារ​អាមេរិក ។

ឥណទាន​ខ្នាត​មធ្យម និងសាជីវកម្ម

នៅ​ឆ្នាំ២០១៧ ចំនួន​នៃ​ប្រាក់​កម្ចី​ក្នុង​វិស័យ​នេះ​បាន​កើន​ឡើង ១៩,១២% ខណៈ​ពេល​ដែល​ចំនួន​នៃ​អតិថិជន​សហគ្រាស​ខ្នាត​មធ្យម បាន​កើន​ឡើង ៦,៧៦% ។

សេវា​គ្រប់​គ្រង​សាច់​ប្រាក់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង តាម​រយៈ​ការ​រៀបចំ​របស់​យើង​ខ្ញុំ​ជា​មួយ​នឹង​រដ្ឋាភិបាល ជា​ពិសេស​បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្រ្តី​រាជការ​ស៊ីវិល សេវា​បើក​ប្រាក់​បៀវត្ស​សម្រាប់​មន្រ្តី​រដ្ឋាភិបាល និង​សេវា​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ រួម​ទាំង​អតិថិជនមុខ​ជំនួញ​ជា​ច្រើន ។ ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​មូលនិធិ​របស់​បេឡាជាតិ​សន្តិសុខ​សង្គម ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ទទួល​បាន​ប្រាក់​វិភាគទាន ទូទាំង​រាជធានី-ខេត្ត ។ លើស​ពី​នេះ​ទៀត​គណនី​ថ្មីៗ​ជា​ច្រើន ត្រូវ​បាន​បើក​ចាប់​ពី​ឆ្នាំ២០១៤​មក ដោយ​សារ​ការ​បន្ថែម​ម៉ាស៊ីន​អេធីអឹម និង​ការ​ទូទាត់​វិក្កយបត្រ​របស់​ក្រុមហ៊ុន​ផ្សេងៗ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី និង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ព្រម​ទាំង​សេវា​អេស៊ីលីដា​អ៊ីនធើណែត​ផង​ដែរ ។ ទាំង​នេះ​ធ្វើ​ឱ្យ​មាន​លទ្ធផល​វិជ្ជមាន ទៅ​លើ​លំហូរ​សាច់​ប្រាក់​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក​របស់​យើង និង​អាច​ឱ្យ​យើង​ផ្តល់​ឥណទាន​ជា​ប្រាក់​រៀល ពី​ប្រាក់​បញ្ញើ​បាន​ផង​ដែរ ។ តម្រូវ​ការ​ប្រើ​ប្រាស់​សេវា​បើក​ប្រាក់​បៀវត្ស​កើន​ឡើង​ខ្លាំង នៅ​ក្នុង​ឆ្នាំ២០១៧ នេះ​ដោយ​មាន​ស្ថាប័ន​រដ្ឋាភិបាល និង​មន្រ្តី​រាជការ ព្រម​ទាំង​ក្រុមហ៊ុន​ក្រៅ​ប្រទេស​និង​ក្នុង​ប្រទេស​ធំៗ និង​ស្ថាប័ន​នានា​បាន​ចូល​រួម​ប្រើ​ប្រាស់ ដែល​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​លក់​ផលិតផល​ផ្សេងៗ​ទៀត ។

កិច្ច​ព្រម​ព្រៀង​ចែក​ចាយ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​របស់​យើង ជា​មួយ​ក្រុមហ៊ុន​ព្រូដិនសល បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​នូវ​ការ​ផ្តល់​មូល​និធិ​រយៈពេល​វែង​របស់​យើង​ខ្ញុំ និង​គម្រោង​ការ​ខ្លួន​ឯង បាន​ផ្តល់​នូវ​ប្រភព​ដ៏​មាន​សារប្រយោជន៍​ដល់​តារាង​តុល្យការ​ប្រាក់​ចំណូល ។

កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte សម្រាប់​សេវា​ធានា​រ៉ាប់រង​ទូទៅ បាន​ជួយ​ដល់​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ក៏​ដូចជា​អតិថិជន​របស់​ក្រុមហ៊ុន Forte ដើម្បី​គ្រប់​គ្រង​ធនធាន​ហិរញ្ញវត្ថុ​យ៉ាង​មាន​ប្រសិទ្ធភាព ។ កិច្ច​សហ​ប្រតិបត្តិការ​នេះ​បាន​ជួយ​បង្កើន​ប្រាក់​ចំណូល ក៏​ដូចជាបង្កើន​ប្រភព​មូនិធិ​យូរ​អង្វែង​សម្រាប់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

រតនាភិបាល និង​អន្តរជាតិ

ចំណូល​ពី​សេវា​ប្តូរ​ប្រាក់​បន្ត​កើន​ឡើង និង​ចូល​រួម​បង្កើន​ចំណូល​លើ​កម្រៃ​ជើង​សារ និង​ចំណូល​សុទ្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ដោយ​សារ​សេវា​ប្តូរ​ប្រាក់​របស់​យើង​គឺ​សម្រាប់​តែ​គាំទ្រ​ដល់​អាជីវកម្ម​របស់​អតិថិជន​ប៉ុណ្ណោះ ធនាគារ​មិន​បាន​ធ្វើ​អាជីវកម្ម​ក្នុង​គោល​បំណង​បង្កើន​ប្រាក់​ចំណូល​ទេ ប៉ុន្តែ​ក្នុង​គោល​បំណង​ចាត់​ចែង​ស្ថានភាព​រូបិយប័ណ្ណ​ចំហ​របស់​ធនាគារ ដែល​ជា​ប្រភព​ចំណូល​មាន​ហានិភ័យ​ទាប និង​មាន​ស្ថិរភាព ហើយ​មាន​កំណើន​ជា​លំដាប់ បង្កើត​ប្រាក់​ចំណូល​ល្អ​ប្រសើរ និង​រក្សា​ទំនាក់​ទំនង​យូរ​អង្វែង​ជា​មួយ​អតិថិជន និង​អាជីវករ​ប្តូរ​ប្រាក់ ។

តារាង​តុល្យការ​របស់​ធនាគារ​កាន់​តែ​រឹង​មាំ​ថែម​ទៀត តាម​រយៈ​កំណើន​អតិថិជន​បញ្ញើ-សន្សំ​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​អនុបាត​ឥណទាន​ធៀប​នឹង​ប្រាក់​បញ្ញើ​មាន​ភាព​ល្អ​ប្រសើរ និង​ជួយ​ទ្រទ្រង់​ដល់​ការ​រីក​ចម្រើន​នៅ​លើ​ទីផ្សារ ។

យើង​នៅ​តែ​បន្ត​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ច្រើន និង​បាន​បន្ថែម​ធនាគារ​ដៃគូ​ក្រៅ​ប្រទេស​ថ្មីៗ​ជា​ច្រើន​ថែម​ទៀត ដើម្បី​បង្កើន​បណ្តាញ​ប្រតិបត្តិការ​របស់​យើង​ខ្ញុំ ។ នា​ដំណាច់​ឆ្នាំ២០១៧ យើង​មាន​ធនាគារ​ដៃគូ​ចំនួន ៣៥៧ នៅ​ក្នុង ៥១ប្រទេស ។ បន្ថែម​ពី​នេះ​ទៀត យើង​មាន​ចំណែក​ទីផ្សារ​លើស​លុប​សម្រាប់​គណនី​របស់​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ស្រុក ព្រម​ទាំង​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ដល់​អតិថិជន​ទូទាំង​ប្រទេស ។

យុទ្ធសាស្ត្រ​អាទិភាព​សម្រាប់​ឆ្នាំ២០១៨

  1. កំណើន​ជា​មួយ​នឹង​សេវា​ឌីជីថល និង​ចំណូល​ពី​ថ្លៃ​សេវា ផ្តោត​លើ​ការ​បង្កើត​បទពិសោធន៍​ដ៏​ល្អ​បំផុត​របស់​អតិថិជន ដោយ​ធ្វើ​ឱ្យ​កាន់​តែ​សាមញ្ញ និង​មាន​ប្រសិទ្ធិភាព ព្រម​ទាំង​ផ្តល់​នូវ​កំណើន​ប្រកប​ដោយ​ចីរភាព ។
  2. រក្សា​មូលដ្ឋាន​ដើម​ទុន​រឹង​មាំ ដោយ​មាន​ដើម​ទុន​បម្រុង​គ្រប់​គ្រាន់​លើស​ពី​បញ្ញត្តិ​តម្រូវ ។
  3. ខិតខំ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍ "វប្បធម៌​បម្រើ​សេវា" របស់​យើង​ឱ្យ​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស​ដល់​អតិថិជន និង​បង្កើន​សេវាកម្ម​របស់​យើង​ក្នុង​ពេល​ដែល​ទីផ្សារ​ពង្រីក​កាន់​តែ​ធំ ។
  4. បំពេញ​តាម​តម្រូវការ​អតិថិជន ដោយ​ផ្តល់​ជូន​នូវ​នវានុវត្តន៍​ហិរញ្ញវត្ថុ​យ៉ាង​សំបូរ​បែប ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​ពួក​គាត់​ឈាន​ឡើង​ជា​លំដាប់ ។
  5. បង្កើន​ជម្រើស​ដៃគូ​ដែល​មាន​ជំនាញ​/ឯកទេស ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​រួម​ទៅ​ដល់​អតិថិជន​ធំៗ ។
  6. ផ្តោត​លើ​ការ​ពង្រីក​គុណភាព​សេវា​បន្ថែម ដើម្បី​ឱ្យ​មាន​ចំណូល​ចម្រុះ​និង​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ដើម​ទុន ដែល​រួម​បញ្ចូល​ទាំង​កម្រៃ​បាន​ពី​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​រដ្ឋាភិបាល ។
  7. បន្ត​វិនិយោគ​យ៉ាង​ខ្លាំង​លើ​ការ​ស្រាវ​ជ្រាវ និង​ការអភិវឌ្ឍ ដើម្បី​រក្សា​នូវ​ភាព​ឈាន​មុខ​គេ​នៃ​ផលិតផល និង​សេវាកម្ម​ស្នូល​របស់​យើង ។
  8. វិនិយោគ​ទៅ​លើ​ប្រព័ន្ធ​ពហុ​បណ្តាញ ។
  9. រៀបចំ​យុទ្ធសាស្ត្រ ចាប់​ដៃគូ​ជា​មួយ​នឹង​ស្ថាប័ន​ធំៗ​និង​ល្បី​ឈ្មោះ​ទាំង​ក្នុ​ង​និង​ក្រៅ​ប្រទេស ក្នុង​តំបន់​សក្តានុពល ដើម្បី​អភិវឌ្ឍ និង​ពង្រីក​សេវាកម្ម​របស់​ធនាគារ ។
  10. បន្តអភិវឌ្ឍ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ដើម្បី​ឱ្យ​មាន​ជំហរ​រឹង​មាំ​ប្រកប​ដោយ​លក្ខណ​សម្បត្តិ​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​ទាំង​អស់ ដែល​ពួក​គេ​កំពុង​ធ្វើ​ប្រតិបត្តិការ ព្រម​ទាំង​ស្រាវ​ជ្រាវ និង​បង្កើត​កាលា​នុវត្តភាព​ដើម្បី​ពង្រីក​អាជីវកម្ម​នៅ​ក្នុង​តំបន់​បន្ថែម​ទៀត នៅ​ពេល​ដែល​ឱកាស​ផ្តល់​ឱ្យ ។
  11. បង្កើត​តួនាទី​ឈាន​មុខ​គេ​លើ​សេវា​ទូទាត់ និង​ផាត់​ទាត់ ដើម្បី​ពង្រីក​ទីផ្សារ​មូលធន ។
  12. បង្កើត និង​អភិវឌ្ឍ​សេវា​ពហុ​ហិរញ្ញប្បទាន និង​សេវា​ហិរញ្ញប្បទាន​គម្រោង សម្រាប់​ផ្តល់​ជូន​អតិថិជន​ធំៗ ព្រម​ទាំង​សហការ​ជា​មួយ​ស្ថាប័ន​ដែល​មាន​សក្តានុពល ដៃគូ​ឯកទេស​/ជំនាញ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ផលិតផល​សម្រាប់​បម្រើ​ជូន​ដល់​អតិថិជន ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ។
  13. អភិវឌ្ឍ​សេវា​ធនាគារ​អេឡិច​ត្រូនិក តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​ហិរញ្ញវត្ថុ (FinTech) និង​ស្វ័យ​ប្រតិបត្តិការ (Branchless) ដោយ​មាន​គោល​ដៅ ដើម្បី​ពង្រីក​បណ្តាញ​ប្រតិបត្តិការ បង្កើន​ប្រសិទ្ធភាព​ប្រាក់​ចំណូល បង្កើន​កាលា​នុវត្តភាព​នៃ​ការ​លក់​ផលិតផល​ជា​កញ្ចប់ បម្រើ​អតិថិជន​គោល​ដៅ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​មាន​ឧត្តមភាព​ក្នុង​ការ​ប្រកួត​ប្រជែង ។
  14. អភិវឌ្ឍ​សេវា​ឌីជីថល​ប៊ែង (Digital Banking-Mobile App) សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត, ប្រតិបត្តិការ​ជា​សកល តាម​រយៈ​ប្រព័ន្ធ Biometric និង​ប្រព័ន្ធ​គ្រប់​គ្រង​ព័ត៌មាន​អតិថិជន រួមផ្សំ​ជា​មួយ​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មីៗ ដោយ​មាន​គោល​ដៅ​លើក​ស្ទួយ និង​គាំទ្រ​សេវា​ស្វ័យ​ប្រតិបត្តិការ (Self-service) ប្រើ​ប្រាស់​នូវ​បច្ចេក​វិជ្ជា​ទំនើប ប្រសិទ្ធភាព​ចំណាយ ពង្រីក​ធុរកិច្ច​ជា​សកល និង​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ បង្កើន​ចំណូល បង្កើន​កាលានុវត្តភាព​នៃ​ការ​លក់​ផលិតផល​ជា​កញ្ចប់ បម្រើ​អតិថិជន​ដោយ​ភាព​ងាយ​ស្រួល មាន​ឧត្តមភាព​ក្នុង​ការ​ប្រកួត​ប្រជែង ។

បញ្ហា​ចម្បង​ក្នុង​ឆ្នាំ២០១៨

បទប្បញ្ញត្តិ​ស្តី​ពី​ការ​កំណត់​ពិដាន​ការ​ប្រាក់​ឥណទាន ចំណាត់​ថ្នាក់​​ហានិភ័យ​​ឥណទាន និង​សំវិធានធន​លើ​ការ​អន់​ថយ និង​ការ​កំណត់​ទ្រនាប់​ដើម​ទុន​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​នាំ​មក​នូវ​ឱកាស និង​បញ្ហា​ប្រឈម​នានា របស់​គ្រឹះស្ថានហិរញ្ញវត្ថុ​ទាំង​អស់ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏​មាន​ឱកាស​ពង្រីក​ផលបត្រ​ប្រាក់​កម្ចី​ជា​ប្រាក់​រៀល ដែល​មាន​ផល​ប៉ះ​ពាល់​ខ្លះ​លើ​ចំណូល​ពាក់​ព័ន្ធ និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក៏​ដូចជា​ជួយ​បង្កើត​បរិបទ​កម្ចី​ដ៏​មាន​វិន័យ​មួយ សម្រាប់​ការ​រីក​ចម្រើន​របស់​ធនាគារ អេស៊ីលីដា ផង​ដែរ ។

ក្នុង​ឆ្នាំ២០១៧ នេះ ខ្ញុំ​សូម​ណែនាំ​នូវ​កម្មវិធី​ទូរស័ព្ទ​ចល័ត​ថ្មី និង​ទំនើប​បំផុត ដែល​មាន​ឈ្មោះ​ថា អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ។ អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត បាន​បង្កើត​ឡើង​ដោយ​មាន​គោល​បំណង​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់​ដល់​លោក​អ្នក មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​លោក​អ្នក ។ ជា​មួយ​សេវាអេស៊ីលីដា​យូនីធី​ទាន់​ចិត្ត លោក​អ្នក​អាច​គ្រប់​គ្រង​ជំនួញ​របស់​លោក​អ្នក​ប្រកប​ដោយ​ប្រសិទ្ធភាព និង​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ អេស៊ីលីដា បាន​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង ។

ជា​ចុង​បញ្ចប់ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អតិថិជន​ដ៏​វៃ​ឆ្លាត ក្រុមប្រឹក្សាភិបាល ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក ក្រុមប្រឹក្សា​យោបល់​ព្រម​ទាំង​រាជរដ្ឋាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​បាន​គាំទ្រ​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ឆ្នាំ២០១៧ កន្លង​មក ។ សូម​ជូនពរ​ដល់​លោក​អ្នក និង​ក្រុម​គ្រួសារ ក្នុង​ឆ្នាំ២០១៨ ទទួល​បាន​នូវ​សេចក្ដី​សុខ​កាយ សប្បាយ​ចិត្ដ ចម្រើន​ដោយ​ប្រយោជន៍ ជោគជ័យ​ក្នុង​នាទី​ការងារ​និង​មុខ​ជំនួញ ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ដ៏​ឧត្ដុង្គឧត្ដម​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។


បណ្ឌិត អ៊ិន ចាន់នី
ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨

* ប្រាក់​ចំណេញ​ក្រោយ​ដក​ពន្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ មាន​ចំនួន ៩២,៥៣លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បែង​ចែក​ជូន​ម្ចាស់​ភាគ​ហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ៩១,៦៨លាន​ដុល្លារ​អាមេរិក និង​អប្បភាគ​ភាគកម្ម ចំនួន ០,៨៤លាន​ដុល្លារ​អាមេរិក ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៦៣   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.០៧៧   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៩៣០